(បែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិកស៊ី រ៉េសនីកូវ (Oleksii Reznikov) បានជំរុញឱ្យអាល្លឺម៉ង់ និងចក្រភពអង់គ្លេស បញ្ជូនយន្ដហោះចម្បាំង Eurofighter Typhoon មកឱ្យប្រទេសរបស់លោក ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។
អ៊ុយក្រែន បាន និងកំពុងដឹកនាំយុទ្ធនាការបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសលោកខាងលិចផ្គត់ផ្គង់យន្ដហោះចម្បាំង ជាពិសេសផ្ដោតជាសំខាន់លើយន្ដហោះចម្បាំង F-16 ផលិតដោយ សហរដ្ឋអាមេរិក និងកំពុងត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងតំបន់អឺរ៉ុប។ អាល្លឺម៉ង់ និងចក្រភពអង់គ្លេស មកទល់នឹងពេលនេះបានបដិសេធបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ដោយសំអាងថាមិនមាន F-16 ដែលទីក្រុងកៀវចង់បាននោះទេ។ តែទោះជាបែបនេះក្ដី លោក រ៉េសនីកូវ បាននិយាយថាការបញ្ជូនយន្ដហោះចម្បាំង Eurofighter អាចនឹងជួយ អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ «ប្រសិនបើចក្រភពអង់គ្លេស និងអាល្លឺម៉ង រួមគ្នាបញ្ជូនយន្ដហោះចម្បាំងរបស់ពួកគេ នោះវានឹងក្លាយជាការបោះជំហាន មួយយ៉ាងសំខាន់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន៕