(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះបានរាយការណ៍ថាកូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូង បំផុតរបស់ខ្លួន នៅក្នុងខែមិថុនាខាងមុខ ដើម្បីពង្រឹងសមត្ថភាពតាមដានសកម្មភាពយោធាអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយ KCNA លោក រី ព្យុង ឆុល (Ri Pyong Chol) ជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម នៃគណបក្សពលករកូរ៉េខាងជើង ក៏បានថ្កោលទោសផងដែរ ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថាជាការបង្ហាញ យ៉ាងបើកចំហចំពោះមហិច្ឆតាបើកការឈ្លានពាន។ លោក រី ព្យុង ឆុល បានបន្ថែមទៀតថាសមយុទ្ធយោធារួមគ្នានេះឯង ជំរុញឱ្យទីក្រុងព្យុងយ៉ាងត្រូវតែ សម្រេចឱ្យបាននូវសមត្ថភាពប្រមូលព័ត៌មានពីសកម្មភាពយោធាជាក់លាក់របស់សត្រូវ៕