ចិន បដិសេធជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក, នេះបើតាមមន្ទីរបញ្ចកោណ​

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាទីក្រុងប៉េកាំងបានបដិសេធការអញ្ជើញពីសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមួយរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី រវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ត្រី Pat Ryder ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចំពេលសហរដ្ឋអាមេរិកកំពុងព្យាយាម ស្ដារបណ្ដាញទំនាក់ទំនងយោធាជាមួយចិន។ លោក Pat Ryder បានគូសបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋប្រជាមានិតចិន បានជូនដំណឹងសហរដ្ឋអាមេរិកថា ពួកគេបានបដិសេធសំណើអញ្ជើញមួយរបស់យើងកាលពីដើមខែឧសភា សម្រាប់ជំនួបរវាងលោក អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី សាងហ្វូ ក្នុងប្រទេសសិង្ហបុរី នៅសប្ដាហ៍នេះ»

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះបាននិយាយដែរថាការបដិសេធរបស់ចិន ចំពោះកិច្ចពិភាក្សាយោធា និងយោធាដ៏មានន័យនឹងមិន កាត់បន្ថយការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក ក្នុងការស្វែងរកការបើកចំហបណ្ដាញទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនចិន នោះទេ៕