(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក (ខ្វះ ១ដុល្លារ គ្រប់ ២លានដុល្លារ)។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោសន្តិភាព សាលសវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។
អគារនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
លោក ឈិត សុខុន បានឱ្យដឹងដែរថា អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្មខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគចូលនូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធសាសនា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌអាណានិគម និងស្ថាបត្យកម្មទំនើបកម្ម។
អគារនេះ មានលក្ខណៈសំខាន់ៗ ដូចខាងក្រោម៖
* ជាន់ផ្ទាល់ដី៖ ជាលំហគ្មានជញ្ជាំងមានខ្យល់ឆ្លងកាត់(ដូចផ្ទះខ្មែរសាងសង់ផុតពីដី)ប្រើប្រាស់ជាកន្លែងជួបជុំសមណនិស្សិត និស្សិត កន្លែងបង្ហាញព័ត៌មានសិក្សា ចំណតទោចក្រយានយន្ដ និងសួនច្បាររុក្ខជាតិបៃតង
* ជាន់ទី១៖ អាសនៈតម្កល់ព្រះឆាយាល័ក្ខណ៍សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី
– បន្ទប់ព្រះសាកលវិទ្យាធិការ
– បន្ទប់សាកលវិទ្យាធិការរង
– ការិយាល័យច្រកចេញ-ចូលតែមួយ
– ការិយាល័យរដ្ឋបាល
– ការិយាល័យគណនេយ្យ
– ការិយាល័យសិក្សា
– បន្ទប់សាស្ដ្រាចារ្យ
* ជាន់ទី២៖ បន្ទប់សិក្សាចំនួន ៥ បន្ទប់
ជាន់ទី៣៖ សាលប្រជុំធំ(៨៩៩នាក់) សាលប្រជុំតូច(១០០នាក់) បន្ទប់រង់ចាំ (គណៈអធិបតី) បន្ទប់រៀបចំកម្មវិធី បន្ទប់សម្លៀកបំពាក់ និងតុបតែងបន្ទប់រៀបចំអាហារសម្រន់ បន្ទប់សង្គ្រោះបឋម និងបន្ទប់ដាក់សម្ភារៈ
* ជាន់ទី៤៖ បណ្ណាល័យតេជោសន្តិភាព
* ជាន់ទី៥ ដល់ទី៨៖ បន្ទប់សិក្សាសរុប ២០បន្ទប់
* ជាន់ទី៩៖ សាលសវនាការនិម្មិត និងសាលប្រជុំខ្នាតតូច ក្រឡាផ្ទៃសំណង់ អគារសរុប ៣,៧៩៥ ម៉ែត្រការ៉េ និងតភ្ជាប់ជាមួយអគារសម្តេចតេជោ ហ៊ុន សែន ទំហំ ១,៩២០ម៉ែត្រការ៉េ។ សរុបក្រឡាផ្ទៃអគារទាំងពីរទំហំ ៥៧១៥ ម៉ែត្រការ៉េ។
សំណង់ស្ថាបត្យកម្មអគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាប្រភេទសំណង់បេតុងអាម៉េ គោរពតាមបទដ្ឋានស្តង់ដារបច្ចេកទេស ក្បូរក្បាច់ពិពិធវិចិត្ររចនា និងសោភ័ណភាពល្អប្រណិត។ អគារនេះ ប្រើប្រាស់រយៈពេលជាង ១០ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់មក។
ក្រៅពីនេះ អគារ កំពុងបំពាក់សម្ភារៈបរិក្ខារទំនើបៗ និង តភ្ជាប់បណ្តាញអ៉ីនធើណេតដែលមានល្បឿនលឿន ចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីការសាងសង់រួចចំនួន ៣៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងនៅខ្វះថវិកាចំនួន ២២ម៉ឺនដុល្លារបន្ថែមទៀត។ ការបំពាក់សម្ភារៈបរិក្ខារនេះ នឹងផ្តល់លទ្ធភាពដល់សមណនិស្សិត និស្សិត ក្នុងការប្រើប្រាស់ និងសិក្សាស្រាវជ្រាវ។ ទាំងទំហំកម្ពស់ រចនាប័ទ្ម សំណង់ស្ថាបត្យកម្ម និងការបំពាក់សម្ភារៈបរិក្ខារ បានធ្វើឱ្យអគារសិក្សាថ្មីនេះ ក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រពុំធ្លាប់មានសម្រាប់ ពុទ្ធិកសិក្សានៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់សមណនិស្សិត និស្សិត ក៏ដូចជាកូនខ្មែរអាចបន្តការសិក្សា នឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។
អគារនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញនូវអត្តសញ្ញាណជាតិ ដែលរួមបញ្ចូលគ្នានូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរជាច្រើន រំលេចចេញជាស្ថាបត្យកម្មខ្មែរបែបសហសម័យ ក្នុងសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ជាមរតករបស់រដ្ឋតរៀងទៅ៕