(កណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឲ្យសមត្ថកិច្ច ពិសេសនគរបាលរាច រណ៍ត្រូវខិតខំប្រឹងប្រែងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវតែផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងហេតុការណ៍ដែលកើតឡើង។
ការគូសបញ្ជាក់បែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងកិច្ចសម្ភាសខ្លីមួយជាមួយ អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រារព្ធពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ក្រោយការចោទសួររបស់អ្នកសារព័ត៌មាន ពាក់ ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីពេលកន្លងទៅ បណ្ដាលឲ្យមានទារក ម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរបួសធ្ងន់ ខណៈអ្នកបង្កស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ហើយមកទល់ពេលនេះ អ្នកបង្កមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ហេតុការណ៍ដែលកើតឡើងនៅកន្លែងមួយ សមត្ថកិច្ចនៅកន្លែងនោះ ត្រូវខិតខំប្រឹងប្រែងដោះស្រាយផ្ដល់យុត្តិធម៌ឲ្យអ្នករងគ្រោះ»។ បើតាមការគូសបញ្ជាក់របស់សម្ដេចក្រឡាហោម ក្នុងករណីបង្កឲ្យអ្នកដទៃស្លាប់ និងរបួស ហើយរត់ គេចខ្លួន ជនបង្កគឺច្បាស់ជាទទួលទោសធ្ងន់។
គួរជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំ ពេញ ធ្លាប់បានបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបើកបរម្នាក់ ដែលស្ថិតក្នុងស្ថានភាព ស្រវឹង ហើយបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យទារកអាយុ៦០ថ្ងៃម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញផងដែរ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ក្រោយពីទទួលបានសំណុំ រឿងពីមន្ដ្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើប អង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឲ្យចូលខ្លួនលើជនបង្ក គ្រោះថ្នាក់ ចរាចរណ៍ ឈ្មោះ សោមណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការ ដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ។
ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ និងមានរបួសដល់អ្នក ដទៃ» ប្រព្រឹត្តនៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធា នីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 ដែលបើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ បើកបរក្នុង ស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុកនឹងម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិស គ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល1B-9979 ដែលបើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរដោយឈ្មោះ កែវ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃ (ស្លាប់)៕