(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន បានសម្រេចដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលផលិតកម្មឌីជី ថលកម្ពុជា-ជប៉ុន (CJDM) ដែលមានម៉ាស៉ីន CNC នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីផ្តើមបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សា ហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា ។
ពិធីបើកដាក់ដំណើរការមជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានរំឮកនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅឆ្នាំ២០២២ ជាពេល ដែលសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចុះហត្ថលេខា រួមគ្នា លើសេចក្តីថ្លែងការណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ដែល CJDM នៃសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងធនធាន មនុស្សក្នុងកម្រិតខ្ពស់ នៃឧស្សាហកម្មឌីជីថលនៅកម្ពុជា ដែលបំពេញតម្រូវការការងារ ក៏ដូចជា តម្រូវការការងារឧស្សាហកម្ម។
លោកបានបន្ថែមថា ម៉ាស៉ីន CNC ដែលជា «មេនៃម៉ាស៉ីនអនាគត» គឺជាសមាសធាតុសំខាន់នៃ ឧស្សាហកម្មឌីជីថល នៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។ សព្វថ្ងៃនេះ CNC មាននៅ CJDM ហើយព្រឹត្តិការណ៍ថ្ងៃនេះ ត្រូវបានរំពឹងយ៉ាងខ្លាំងថា សាកលវិទ្យាល័យ និងដៃគូឧស្សាហកម្ម នឹងស្វែងយល់បន្ថែមអំពី CJDM ហើយនឹងបង្កើតភាពជាដៃគូដើម្បីគាំទ្រ CJDM ផងដែរ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋា ភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន (MOFA) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្ម (METI) សម្រាប់ការគាំទ្រ ដល់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងឧស្សាហកម្មផលិត ឌីជីថលនៅកម្ពុជា។ លោកក៏បានអគុណលោកបណ្ឌិត Masahiko MORI ប្រធានក្រុមហ៊ុន DMG MORI សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ RUPP លើជំនួយបច្ចេកទេស និងការបណ្តុះ បណ្តាលម៉ាស៊ីន CNC នៅ CJDM ។
RUPP គឺជាសាកលវិទ្យាល័យតែមួយគត់នៅអាស៉ីអាគ្នេយ៍ (អាស៊ាន) ដែលទទួលបានម៉ាស៉ីន សម្រាប់ផលិតម៉ាស៉ីន ពីក្រុមហ៊ុន DMG MORI ដែលជាក្រុមហ៊ុនលំដាប់លេខមួយនៅលើពិភព លោក ខាងផលិតគ្រឿងម៉ាស៉ីន របស់ប្រទេសអាល្លឺម៉ង់ និងជប៉ុន។
ម៉ាស៉ីនផលិតម៉ាស៉ីនដែលមានតម្លៃយ៉ាងថ្លៃ របស់ DMG MORI ត្រូវបានមកដល់កម្ពុជា នៅខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដែលម៉ាស៉ីនដ៏អស្ចារ្យខាងលើ ក៏ត្រូវដាក់នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដើម្បីឲ្យនិស្សិតនៃមហាវិទ្យាល័យវិស្វកម្មអនុវត្តផ្ទាល់ ក្រោយពីសិក្សាទ្រឹស្តី តាំងពីឆ្នាំ ២០១៩។
បើតាមលោក ឃឹម ចំរើន អ្នកសម្របសម្រួល នៃមជ្ឈមណ្ឌលកម្ពុជា-ជប៉ុន ឌីជីថល បានថ្លែងថា ម៉ាស៉ីនសម្រាប់ផលិតម៉ាស៉ីន ឬត្រូវបានគេស្គាល់ជាទូទៅថា ម៉ាស៉ីន CNC (Computerized Numerical Control) ឬម៉ាស៉ីនក្រឡឹង គឺជាម៉ាស៉ីនដែលផលិតគ្រឿងបន្លាស់ឲ្យម៉ាស៉ីនផ្សេងទៀត។ ឧទាហរណ៍ថា យើងចង់ផលិតម៉ាស៉ីនមួយសម្រាប់ប្រើប្រាស់ យើងត្រូវការគ្រឿងបន្លាស់ច្រើន ហើយ ម៉ាស៉ីន CNC អាចក្រឡឹង ឬបង្កើតគ្រឿងបន្លាស់នោះ ដើម្បីយកគ្រឿងបន្លាស់ទាំងនោះ ទៅផ្សំ បញ្ចូលគ្នាឲ្យក្លាយជាគ្រោងឆ្អឹង បង្កើតបានជាម៉ាស៉ីនមួយទៀត។
ចំពោះការផលិតគ្រឿងម៉ាស៉ីនមួយ បើគ្រឿងម៉ាស៉ីននោះត្រូវបានរៀបចំដំឡើងដោយមនុស្ស កម្រិត នៃភាពលម្អៀង ឬកំហុស មានច្រើនណាស់។ ប៉ុន្តែផ្ទុយទៅវិញ ចំពោះការផលិតគ្រឿងម៉ាស៉ីនមួយ បើគេប្រើប្រាស់ម៉ាស៉ីន CNC ក្នុងការរៀបចំដំឡើងវិញ កម្រិតនៃភាពលម្អៀង ឬកំហុស មានតិច បំផុត៕