ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត ឈានដល់ការចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯក ជន ខណៈបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ មិថុនា

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថ លេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន លឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយលោក Zhou Yong តំណាងក្រុមហ៊ុន សាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅទីស្តីការក្រសួង។

កិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ ១៖ កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួម សំខាន់ៗ សម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង ២៖ ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯក ភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។

ទន្ទឹមនេះកិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្តក្រោមក្របខណ្ឌច្បាប់ស្ដីពី PPP និង លិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា «ខ» និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាម ការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

លើកឡឡើងនាឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ ផ្លូវវល្បឿនលឿនពីភ្នំពេញ-បាវិតនេះ មានប្រវែង ១៣៥.១០ គីឡូម៉ែត្រ សាងសង់ជា ០៤គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង សាងសង់ជាមួយទុនវិនិយោគប្រមាណ ១.៣៥ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់០៤ឆ្នាំ និងបានចេញថវិកាសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) និងគ្រប់គ្រងដំណើរការធ្វើអាជីវកម្មលើផ្លូវនេះរយៈ ពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។

បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីធ្វើដំណើរឆ្លងស្ពានទៅផ្លូវល្បឿនលឿននេះ ទាមទារឱ្យមានស្ពានឆ្លងទន្លេរមេគង្គនៅចំណុចដីឥដ្ឋ ដែលត្រូវតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅស្រុក ល្វាឯម ដែលមានប្រវែង ៣ ៧០០ម៉ែត្រ ដែលបានប្រើប្រាស់ថវិកាជាតិ ដើម្បីសាងសង់ប្រមាណ ជាង ២០០លានដុល្លារ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពាននេះទៅវិញទៅមក ដោយមិន មានការគិតប្រាក់នោះឡើយ។

សូមជម្រាបដែរថា ហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ នឹងត្រូវប្រើប្រាស់ប្រភពពី ថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើ ដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបាន រួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម «ខ» និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង PPP។

សួមបញ្ជាក់ដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយ គម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេល ដំណាលគ្នា។

គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការ សិក្សាសមិទ្ធិលទ្ធភាព នៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ៕