រដ្ឋមន្ដ្រី លឹម គានហោ ជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនជាង ៥០០នាក់ នៅស្រុកពញាឮ ខេត្តកណ្ដាល


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជា មួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនដល់បង ប្អូនអតីតយុទ្ធជនកម្ពុជា ស្រុកពញាឮ ខេត្តកណ្តាល ចំនួន៥៤៩នាក់ ក្នុងនោះមាន មេដាយអស្សឫទ្ធិ ០១គ្រឿង, មាស ចំនួន៩០គ្រឿង និងប្រាក់ ចំនួន៣៤០គ្រឿង។

មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តម ប្រធានក្រុមការងារ បានលើកឡើងថា ការជួប ជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរ សុខទុក្ខគ្នាទៅវិញទៅមកក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងាររាជរដ្ឋាភិបាលជាមួយនឹងបងប្អូនអតីតយុទ្ធជន ។

ឯកឧត្តម រដ្ឋមន្ដ្រី លឹម គានហោ បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ និងការដឹងគុណ ចំពោះការខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជន ដែលធ្លាប់ឆ្លងកាត់ជីវិតជាកងទ័ព ជាយុទ្ធជនស្គាល់ ច្បាស់ពីការលំបាក និងបានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិ តស៊ូប្តូរជីវិត ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខ សន្តិភាព។

ក្នុងឱកាសអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជននៅស្រុកពញាឮ ខេត្តកណ្តាល នាពេល នេះ ឯកឧត្តម បានបន្តថា នៅក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយ សារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុង បន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំ ប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពល រដ្ឋនៅទូទាំងប្រទេស។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរ និងយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ពិសេសក្នុងការកសាងអភិវឌ្ឍប្រទេស ជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយ របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់អតីតយុទ្ធជន ក៏ដូចជាប្រជាពល រដ្ឋទាំងអស់ក្នុងស្រុកពញាឮ ប្តេជ្ញាបន្តគាំទ្រនូវរាល់សកម្មភាពដឹកនាំរបស់រាជរដ្ឋាភិបាលដោយ ឥតងាករេ និងសូមគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី ៧ និង អាណត្តិបន្តបន្ទាប់ និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

ឯកឧត្តម លឹម គានហោ បានឧបត្ថម្ភដល់អតីតយុទ្ធជន ចំនួន ៥៤៩នាក់ ដោយក្នុងម្នាក់ៗទទួល បាន អង្ករចំនួន២០គីឡូក្រាម, មីចំនួន១កេសតូច, ត្រីខចំនួន២យួរ និងថវិកាចំនួន១០​ម៉ឺនរៀល។ ឧបត្ថម្ភកម្មវិធី ចំនួន៥លានរៀល និងរដ្ឋបាលស្រុកពញាឮ ចំនួន១លានរៀល ព្រមទាំងឧបត្ថម្ភដល់ កងកម្លាំងមានសមត្ថកិច្ច​ផងដែរ​៕