បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ ដកហូតថ្នាំញៀនជិត៥គីឡូក្រាម និងសារធាតុគីមីជាង ៤០គីឡូក្រាម


 (ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើក ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ រឹបអូស ថ្នាំញៀនជិត ៥គីឡូក្រាម និងសារធាតុគីមីជាង ៤០គីឡូក្រាម រួមទាំងសារធាតុមិនច្បាស់ជាង ៥៣គីឡូក្រាមផ្សេងទៀត នៅរាជធានីភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿង ញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅ ចំណុចផ្ទះលេខ៣៧ ភូមិតិក្ខៈបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជនសង្ស័យមានឈ្មោះ ចូវ គ័រឆាវ ភេទប្រុស ជនជាតិចិន។

ដោយឡែក សម្រាប់វត្ថុតាងដែលដកហូតបានរួមមាន៖ មេតំហ្វេតាមីន ទម្ងន់៤គីឡូក្រាម ៦៨៤ ក្រាម, សារធាតុគីមីផ្សំទម្ងន់ ៣គីឡូក្រាម, សារធាតុគីមី ៤០គីឡូក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៥៣គីឡូក្រាម ៤២៨ក្រាម។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំបទល្មើសគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹមនៅ ទូទាំងប្រទេស ជារៀងរាល់ថ្ងៃ ពិសេសបទល្មើសជួញដូរគ្រឿងញៀនធំៗ។

បើតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀន រយៈពេល ៤ខែឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២៣៤៥ករណី ឃាត់ខ្លួនមនុស្ស ៥៥៧២នាក់ រឹបអូសថ្នាំញៀនបានជាង៣៦១គីឡូក្រាម៕