(សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា ប្រទេស កូរ៉េខាងត្បូងនិងកាណាដាបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ និងធ្វើការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធ ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់កូរ៉េខាងជើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ (ទី១៧ ខែឧសភា ឆ្នាំ២០២៣)។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកទៅកាន់កូរ៉េខាងត្បូងនិងជាលើកដំបូងដោយមេដឹកនាំកាណាដាក្នុងរយៈពេលជិតមួយទសវត្សរ៍ បានជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sok Yul នៅក្នុងកិច្ចប្រជុំកំពូលមួយកាល ពីរសៀលថ្ងៃពុធសប្តាហ៍នេះ។
បន្ទាប់ពីកិច្ចពិភាក្សា លោក Yoon បាននិយាយថា អ្នកទាំងពីរបានយល់ព្រមលើការធ្វើឱ្យ «កិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ» នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់ សារធាតុរ៉ែសំខាន់ៗ ដែលប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនី ដែលកាណាដាមានបម្រុង និងដែល ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងត្រូវការ។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងបានថ្កោលទោសកម្មវិធីនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់របស់កូរ៉េខាងជើងផងដែរ៕