(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ។
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបាន បង្ហាញថាក្នុង ខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤.៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣.១១ លានដុល្លារ) ស្មើនឹង ៦.៨១% នៃ ផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
សរុបរយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦,៤៤២.៥៤ ប៊ីលានរៀល (ប្រមាណជា ១,៥៩០.៧៥ លានដុល្លារ) ស្មើនឹង ៤៤.៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ឯកឧត្តម គង់ វិបុល បានថ្លែងថា ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធ ក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយ ដែលជារដូវកាលនៃការប្រកាសនិងបង់ប្រាក់ពន្ធលើ ប្រាក់ចំណូល ប្រចាំឆ្នាំ២០២២។
ពន្ធដារ បានចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រ ដើម្បីតាមដាន និងធ្វើការថែទាំបណ្តាញនិង ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter)ហើយបានរកឃើញមានករណីគេចវេះនិងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ ដែលករណីនេះអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាន នូវតម្លាភាពនិងការប្រកួតប្រជែងដោយស្មើភាពសម្រាប់វិស័យនេះ ព្រមទាំងធានា បាននូវនិរន្តរភាពចំណូលពន្ធដែលជាគុណប្រយោជន៍នៃថវិកាជាតិ។
អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែម ទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រ ផលិតក្នុងស្រុក ក្នុងការតាមដាន និងថែទាំបណ្តាញនិងឧបករណ៍វាស់ ចំណុះស្រាបៀរ និងភេសជ្ជៈ គ្មានជាតិអាល់កុល (Flowmeter) ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ និងអនុវត្តវិធានការ។ បន្តសម្រាប់រោងចក្រដែលមិនអនុលោមតាមច្បាប់អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តការងារប្រកបដោយ ស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ។
បច្ចុប្បន្ន ពន្ធដារមានកំណប់ទ្រព្យដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួលពីកម្ម វិធីវិក្កយបត្រនាំ សំណាង (GDT Lucky Draw) និង ប្រព័ន្ធ E-Filing និង ToI E-Filing ដែលរឹងមាំ និងមានតម្លាភាពហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបាន ១០៨,៥៧ ប៊ីលានរៀល ប្រមាណជា ២៦,៨១ លានដុល្លារ សម្រាប់ រយៈពេល ៤ខែ ឆ្នាំ២០២៣។
ពន្ធដារនឹងបន្តពង្រឹងការងារចុះបញ្ជីសហគ្រាស ឲ្យមានសុក្រឹតភាពបន្ថែមទៀត ទោះបីជាមានភាព ស្មុគស្មាញ និងបញ្ហាប្រឈមយ៉ាងណាក្តី ដែលក្នុងនោះសហគ្រាសខ្លះ ចង់ចុះបញ្ជីប៉ុន្តែមានចេតនា គេចវេះពន្ធជាលក្ខណៈ ប្រព័ន្ធ ខណៈខ្លះមិនចង់ចុះបញ្ជីប៉ុន្តែមានកម្រិតផលរបរដែលត្រូវមានកាតព្វ កិច្ចចុះបញ្ជី។ បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្ដសហ ការចូលរួមកែលម្អ និងជំរុញ ការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឲ្យកាន់តែមានប្រសិទ្ធភាព និងមានភាព គ្រប់ជ្រុងជ្រោយ។
ឯកឧត្តម គង់ វិបុល ក៏បានប្រាប់ឲ្យត្រូវបន្តពង្រឹង ការអនុវត្តនូវប្រព័ន្ធកំណត់ចំណាត់ថ្នាក់នៃកម្រិត ប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងទទួលខុសត្រូវ របស់ប្រធានអង្គភាព (Merit and Demerit System – MDS) ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ។
ការងារប្រមូលបំណុលពន្ធមានការថមថយ ដែលក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈ ពេលដូចគ្នា ក្នុងឆ្នាំ២០២២ ដោយកន្លងមក មានសហគ្រាសខ្លះបាននិងបន្តយកលេស នៃស្ថានភាព មិនប្រាកដប្រជានិង ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេលឬគេចវេះពីការ បង់បំណុលពន្ធ ហើយទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាត ឲ្យបង់ជាដំណាក់ កាល ក៏មានការយឺតយ៉ាវក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណត់ ផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធតាម Call Center 1277, GDT Live Chat, Facebook, E-Mail, GDT News Channel និងពិគ្រោះយោបល់ដោយផ្ទាល់ សរុបចំនួន ៣៦ ៣០៩ ករណី ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣៕