(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីលើវេទិកានាពហុកីឡដ្ឋានជាតិ មរតកតេជោ បានប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការ ពារសន្ដិភាពដែលកម្ពុជាកំពុងមាននេះឲ្យខាងតែបាន ដើម្បីមានឱកាសរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ ដូចការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះបន្តទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីបិទជាផ្លូវការ ការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះនោះ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា អ្វីដែលបានរៀបចំនៅនេះស្ដែងយ៉ាង ច្បាស់នូវអ្វីដែលហៅថា «កីឡារស់នៅក្នុងសន្ដិភាព» ព្រោះបើគ្មានសន្ដិភាពទេនោះ មិនអាចរៀបចំ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយក្ដីរំភើបយ៉ាងដូច្នេះថា «ថ្ងៃនេះយើងពិតជា បានយល់ច្បាស់ អំពីអ្វីទៅនូវន័យដែលហៅថា កីឡារស់នៅក្រោមសន្ដិភាព។ បើចង់បានការរៀបចំនូវពិធីបែបនេះតទៅទៀត ចាំបាច់ណាស់ត្រូវរួមជាមួយរាជរដ្ឋាភិបាល ការពារ សន្ដិភាពឲ្យខាងតែបាន»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា ភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀប ចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ដែលកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ ប្របកដោយ មោទនភាពនៅពេលនេះ គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជា ហើយនេះក៏ស្ដែងចេញពីការរួម សាមគ្គីភាព មិត្តភាព ក្នុងចំណោមបណ្ដាប្រទេសអាស៊ានផងដែរ។
ថ្លែងប្រកបដោយមោទនភាព សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានយកជីវិតធ្វើដើមទុន ដើម្បី រំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចនៅពេលបច្ចុប្បន្ននេះ បានបង្ហាញនូវការចង់ឃើញកម្ពុជា ក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏អស្ចារ្យនៅពេលនេះម្ដងទៀត នៅឆ្នាំ២០៤៣ ពោលរយៈពេល ២០ឆ្នាំតទៅមុខទៀត។
គួរជម្រាបថា បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់រយៈប្រមាណ ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្នុង រយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ឈរនៅលេខរៀង ទី៤ ជាមួយមេដាយសរុប២៨២ ក្នុងនោះ មេដាយមាស ៨១, មេដាយប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧។
ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុ ស្សាវរីយ៍ល្អជាច្រើន សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម៕