សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម លើកទី៣២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពោរពេញដោយទឹកមុខសប្បាយ រីករាយចំពោះមុខប្រជាពលរដ្ឋ ប្រតិភូ កីឡាករ ភ្ញៀវជាតិ/អន្តរជាតិរាប់ម៉ឺននាក់នោះ បានប្រកាសពី ភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

នាឱកាសបិទព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអមដោយវត្តមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងនោះ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹង ស្នូរទះ ដៃក៏បានបន្លឺឡើងពេញពហុកីឡដ្ឋានជាតិដ៏ធំនេះ។

ចំពោះមុខប្រជាពលរដ្ឋ ប្រតិភូ កីឡាករ ភ្ញៀវជាតិ/អន្តរជាតិរាប់ម៉ឺននាក់នោះ សម្ដេចតេជោបានថ្លែង យ៉ាងដូច្នេះថា «ពីពេលចាប់ផ្ដើម រហូតដល់ការបិទបញ្ចប់នៅថ្ងៃនេះ យើងបានធ្វើសម្រេចជោគជ័យ ហើយ !»។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដែលបាន គាំទ្រព្រឹត្តិការណ៍ស៉ីហ្គេមនេះហើយឧទ្ទិសសមិទ្ធផលដែលសម្រេចបាននាពេលនេះជូនចំពោះប្រជាពលរដ្ឋគ្រប់ទិន្នាការនយោបាយ គ្រប់ជាតិសាសន៍នៅទូទាំងប្រទេស និងក្រៅប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថែមទាំងបានថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាន ចូលរួមជួយរៀបចំ បម្រើកិច្ចការ និងសម្របសម្រួលប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងឱកាស ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២នេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណនិ ងកោតសរសើរចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ (CAMSOC) ដោយស្មោះអស់ពីដួងចិត្ត ព្រមទាំងថ្លែងអំណរគុណចំពោះ ឯកឧត្តម​ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​(NOCC) និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិ CAMSOC ក៏ដូចជាថ្នាក់ដឹកនាំ កងកម្លាំងសមត្ថកិច្ច ដែលបានរួមគ្នាខិតខំបំពេញបេសកកម្មតាំងពី មុនពេលចាប់ផ្ដើម ពេលចាប់ផ្ដើម រហូតដល់ពេលបិទបញ្ចប់ព្រឹត្តិការណ៍។

ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកថ្នាក់ដឹកនាំ CAMSOC​ កម្លាំងសមត្ថកិច្ច អ្នកស្ម័គ្រចិត្ត និងអ្នក ពាក់ព័ន្ធដទៃទៀតសុទ្ធតែជាប្រតិបត្តិករដ៏មានឆន្ទៈក្នុងការចូលរួមលើកស្ទួយមុខមាត់ប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏មិនភ្លេចឡើយនូវការថ្លែងអំណរព្រះគុណព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្ដេចព្រះរាជមាតាជាតិខ្មែរដែលព្រះអង្គបានសព្វរាជហឫទ័យគាំទ្រនៃការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម។ សម្ដេចតេជោបានអរព្រះគុណឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបិតា ជាតិខ្មែរ ដែលបានបន្សល់ទុកនូវកេរមរតកមូលដ្ឋានកីឡាជាតិ មានគុណតម្លៃធំធេងវិសេសវិសាល សម្រាប់ជួយគាំទ្រដល់ការប្រកួតកីឡាស៉ីហ្គេម រហូតទទួលបានជោគជ័យដូចពេលនេះ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ពិសេសលោកប្រធានាធិបតី ស៉ី ជិនពីង ដែលបានជួយកសាងពហុកីឡដ្ឋាន ជាតិមរតកតេជោ សម្រាប់ប្រើប្រាស់ក្នុងពិធីបើកនិងពិធីបិទព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ការប្រកួតកីឡាតាមវិញ្ញាសាមួយចំនួន និងសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍នៅពេលក្រោយៗ ទៀត។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ខែឧសភា រហូត ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ទទួលបានការអបអរសាទរយ៉ាងត្រចះត្រចង់ពីគ្រប់មជ្ឈ ដ្ឋានជាតិ និងអន្តរជាតិ គ្រប់គ្នាកាន់តែយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព សមដូចពាក្យស្លោក ដែលបានរំលេចថា «កីឡារស់ក្នុងសន្តិភាព»