អតីតជំនួយការផ្ទាល់របស់លោក កឹម សុខា និងអតីតជាលេខាធិការ នៃក្រុមតំណាងរាស្រ្តមតិភាគតិច គោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ លោក អោក អមរី ជំនួយការផ្ទាល់របស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងអតីតជាលេខាធិការ នៃក្រុមតំណាងរាស្រ្តមតិភាគតិច នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។

ក្នុងលិខិតរបស់ខ្លួន លោក អោក អមរី បានសរសេររៀបរាប់ថា៖ ដោយខ្ញុំបាទមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងដោយយល់ឃើញថា សម្ដេចមានព្រហ្មវិហាធម៌ និងតែងតែផ្ដល់ការសណ្ដោសប្រោសប្រណីដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសដោយមើលឃើញនូវ សមត្ថភាពដ៏កម្រ និងសាកសមបំផុតរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ទើបខ្ញុំសម្រេចចិត្តដើរតាមការដឹកនាំរបស់សម្ដេច និង ឯកឧត្តមបណ្ឌិត ដើម្បីមានឱកាស បានបំរើជាតិមាតុភូមិដោយផ្ទាល់។

ជាមួយនឹងការស្នើសុំចូលរួមជីវភាពនយោបាយនេះ លោកបានប្ដេជ្ញាថានឹងដើរតាម និងគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ និងប្រកបដោយភាពស្មោះស្ម័គ្រជារៀងរហូត ហើយនឹងខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមានប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការបំរើជាតិមាតុភូមិ៕

ក្រោមនេះជាលិខិតរបស់លោក អោក អមរី និងប្រវត្តិរូបសង្ខេប៖