(ឥណ្ឌូនេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jalal Mirzayev ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
ភាគីទាំងពីរ បានផ្លាស់ប្តូរមតិអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងអាស៊ែបៃហ្សង់ រួមមានវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) ដែលអាស៊ែបៃហ្សង់ ជាប្រធាននាពេលបច្ចុប្បន្ន។
នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្ដទទួលជួប ពិភាក្សាការងារជាមួយ លោកស្រី Delia Domingo-Albert អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីន។
ភាគីទាំងពីរ បានផ្លាស់ប្តូរមតិ លើប្រធានបទនានា ចាប់តាំងពីការលើកកម្ពស់ការទូតសាធារណៈរបស់អាស៊ាន ការបង្កើនពាណិជ្ជកម្មនៅក្នុងរង្វង់អាស៊ាន ការផ្តល់ និងបន្ថែមអាហារូបករណ៍ដល់ប្រជាជនអាស៊ាន ជាដើម៕