អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman នឹងចូលនិវត្តន៍នៅចុងខែមិថុនា ខាងមុខ

(វ៉ាស៉ីនតោន)៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វេនឌី សឺមែន (Wendy Sherman) ដែលជាមន្រ្តីការទូតកំពូលទី២របស់ប្រទេស​មហាអំណាចមួយនេះ បាននិយាយកាលពីថ្ងៃសុក្រថា លោកស្រីនឹងចូលនិវត្តន៍នៅចុងខែមិថុនាខាងមុខ ក្រោយចំណាយពេលខ្ទង់៣ទសវត្សរ៍ នៅក្នុងតួនាទីផ្សេងៗពាក់ព័ន្ធការងារគោលនយោបាយការបរទេស របស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី សឺមែន គឺជាស្រ្តីដំបូងគេដែលបានកាន់តួនាទីបច្ចុប្បន្នរបស់លោកស្រី។ ក្នុងនាមជាអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រីធ្លាប់បានដឹកនាំ​ការធ្វើការទូតរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាមួយប្រទេសចិន ព្រមទាំងកិច្ចពិភាក្សាដែលពុំទទួលបានជោគជ័យជាមួយ​រុស្ស៉ី ក្នុងការបញ្ចៀសសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសេចក្តីជូនដំណឹងផ្ញើទៅកាន់បុគ្គលិកក្រសួងការបរទេសអាមេរិក ដើម្បីប្រកាសពីផែនការចូលនិវត្តន៍របស់លោកស្រី លោកស្រី សឺមែន បាន​លើកឡើង រយៈពេលបំពេញការងារចុងក្រោយចុងក្រោយបំផុតនេះរបស់លោកស្រី នៅក្នុងរដ្ឋាភិបាល ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០២១ គឺត្រូវបានគូសសម្គាល់ដោយភាពប្រែប្រួលខ្លាំងនៃរលកភូមិសាស្រ្តនយោបាយ តួយ៉ាងដូចជាការដកខ្លួនរបស់អាមេរិកចេញពីអាហ្វហ្កានីស្ថាន ការកើនឡើងនៃភាពប្រកួតប្រជែងគ្នាជាមួយចិន ហើយនិងសង្រ្គាមនៅអ៊ុយក្រែន។