មន្ត្រីជាន់ខ្ពស់ក្រសួងអបប់រំ អរគុណលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងមាតាបិតាសិស្ស ចំពោះការចូលរួមលើកកម្ពស់វិស័យអប់រំ

(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៍ បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងសហគមន៍មាតាបិតាសិស្ស ចំពោះការចូលរួមលើកកម្ពស់វិស័យអប់រំ និងការប្តេជ្ញាការពារសន្តិភាព និងការអភិវឌ្ឍ។

ការថ្លែងអំណរគុណបែបនេះ របស់លោកស្រីបណ្ឌិត សឿ សុជាតា បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាល ពិសាអាហារសាមគ្គី ជាមួយលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ចំនួន១០០នាក់ នៅឃុំត្រពាំងចាន់និងឃុំផ្សារនៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះលោកស្រីបណ្ឌិតសឿ សុជាតា បានពាំនាំការសាកសួរទុក្ខ និងកោតសសើរ ពីថ្នាក់ដឹកនាំជាតិពិសេសលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជូនលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមបង្រៀនសិស្សានុសិស្សប្រកបដោយគរុកោសល្យវិជ្ជាជីវ:ផ្តល់ភាពសុខដុមដល់សិស្ស និងមាតាបិតាសិស្ស។

ក្នុងឱកាសនោះដែរ បណ្ឌិត សឿ សុជាតា បានបន្ថែមទៀតថា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះ ឈ្នះដឹកនាំដោយសម្តេចតេជោហ៊ុន សែន ប្រទេសកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ហើយមហាគ្រួសារគ្រូបង្រៀននៃឃុំត្រពាំងចាន់និងឃុំផ្សារនៃស្រុកបរិបូណ៌ទទួលបានការយកចិត្តទុកដាក់ ហើយជីវភាពមហាគ្រួសារគ្រូបង្រៀនត្រូវបានលើកកម្ពស់។

លោកស្រីបណ្ឌិត សឿ  សុជាតា បានបន្តថា កត្តាសុខសន្តិភាពនេះហើយដែលគ្រប់គ្នាទទួលបាននូវអត្ថប្រយោជន៍រស់នៅសុខសាន្តមានឱកាសជួបប្រជុំគ្នានិយាយពីសុខភាព និងការអភិវឌ្ឍឱ្យបន្តរីកចម្រើន និងសប្បាយរីករាយពិសាអាហារសាមគ្គី ក្រោមប្រធានបទ យើងមានបេះដូងលោតក្នុងចង្វាក់តែមួយ រួមគ្នាពង្រឹងគុណភាពនិងប្រសិទ្ធភាពដំណើរការអភិវឌ្ឍធនធានមនុស្សក្នុងមូលដ្ឋានឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលភាពឆ្លើយតបទៅ នឹងគោលដៅបរិវត្តន៍កម្មនៃវិស័យអប់រំ និងសូម​អរគុណដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងសហគមន៍មាតាបិតាសិស្ស ចំពោះការចូលរួមលើកកម្ពស៎វិស័យអប់រំ និងការប្តេជ្ញាការពារសន្តិភាព និងការអភិវឌ្ឍ៕