តុលាការជាន់ខ្ពស់ទីក្រុងអ៉ីស្លាម៉ាបាដ បង្គាប់ឱ្យអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Imran Khan ត្រូវដោះលែងនៅក្រៅឃុំ រយៈពេល២សប្តាហ៍

(អ៉ីស្លាម៉ាបាដ)៖ តុលាការជាន់ខ្ពស់នៃទីក្រុងអ៉ីស្លាម៉ាបាដ នៅថ្ងៃសុក្រនេះ បានបង្គាប់ឱ្យអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ត្រូវបានដោះលែងឱ្យនៅក្រៅឃុំសម្រាប់រយៈពេល២សប្តាហ៍ ក្រោយមានការចាប់ខ្លួនរូបលោកពាក់ព័ន្ធសំណុំរឿងពុករលួយ ដែលបានបង្កឱ្យផ្ទុះភាពវឹកវរយ៉ាងកក្រើក នៅក្នុង​ប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

ការចាប់ខ្លួនលោក ខាន់ ដែលបានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានតុលាការកំពូលប៉ាគីស្ថាន សម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា ជាទង្វើមិនមានសុពលភាពនិងខុសច្បាប់។ នៅថ្ងៃសុក្រនេះ លោកអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានធ្វើដំណើរទៅបង្ហាញខ្លួននៅតុលាការ ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ក្រោមសន្តិសុខយ៉ាងតឹងរ៉ឹង ខណៈដែលក្រុមអ្នកគាំទ្ររបស់លោក បានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅតាមកន្លែងផ្សេងៗទៀត ក្នុងរដ្ឋធានីរបស់ប៉ាគីស្ថាន។ មេធាវីរបស់លោក បាននិយាយដូច្នេះថា «តុលាការបានអនុញ្ញាតឱ្យនៅក្រៅឃុំរយៈពេល២សប្តាហ៍»៕