មេដឹកនាំអាស៊ាន អំពាវនាវឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់

(ឥណ្ឌូនេស៊ី)៖ មេដឹកនាំអាស៊ាន បានបន្តអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើ​ហិង្សាគ្រប់ទម្រង់ ព្រមទាំងបង្ហាញការថ្កោលទោសចំពោះការវាយប្រហារលើសកម្ម​ភាពមនុស្សធម៌របស់មន្ត្រីអាស៊ាននៅក្នុងប្រទេសនេះផងដែរ។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល​ចង្អៀតរបស់មេដឹកនាំអាស៊ាន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។

ក្នុងកិច្ចប្រជុំកំពូលចង្អៀត មេដឹក​នាំកំពូលរបស់អាស៊ាន ​បានចេញសេចក្តីថ្លែង​ការណ៍​រួមមួយ ដោយអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា​បញ្ឈប់​អំពើ​ហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើ​សេច​ក្តីថ្លែង​ការណ៍​របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការ​វាយ​ប្រហារ​​មន្ត្រីជំនួយ​មនុស្ស​ធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។

ក្រៅពីនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែ​ឧសភា ក្រោយកិច្ច​ប្រជុំ​កំពូលលើកទី៤២ មេដឹកនាំអាស៊ាន ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់​ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកវាយប្រហារលើមន្ត្រីមនុស្សធម៌ ត្រូវតែទទួល​ខុស​ត្រូវចំពោះទង្វើរបស់ពួកគេ។

មេដឹកនាំអាស៊ាន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និង​ជំរុញឱ្យមានបទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើត​បរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា។

មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សា​ទំនាក់​ទំនងជាមួយ​ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹក​ចិត្តឱ្យ​អនុ​វត្ត​គោលការណ៍ជាឯកច្ឆន្ទទាំង ៥ចំណុចស្តីពីបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ៕