(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Merrick Garland បានអនុញ្ញាតជាលើកដំបូងឱ្យមានការផ្ទេរទ្រព្យសម្បត្តិ ដែលបានរឹបអូសពីមហាសេដ្ឋីរុស្ស៉ី ទៅជាជំនួយសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។
លោក Garland ធ្វើសេចក្ដីប្រកាសខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ថាលុយដែលសហរដ្ឋអាមេរិក រឹបអូសពីមហាសេដ្ឋីរុស្ស៉ី លោក កុនស្ដាន់ទីន ម៉ាឡូហ្វេយេវ (Konstantin Malofeyev) នឹងត្រូវផ្ទេរទៅជាជំនួយសម្រាប់អ៊ុយក្រែន ដែលកំពុងរងការឈ្លានពានពីរុស្ស៉ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ រដ្ឋមន្ត្រីមន្ត្រីក្រសួងយុត្តិធម៌អាមេរិករូបនេះ បានបន្ថែមដូច្នេះថា «ខណៈនេះគឺជាលើកដំបូងដែលសហរដ្ឋអាមេរិក ផ្ទេរ មូលនិធិរឹបអូសពីជនជាតិរុស្ស៉ី ដើម្បីកសាងអ៊ុយក្រែនឡើងវិញ វានឹងមិនមែនជាលើកចុងក្រោយនោះទេ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់លោក ម៉ាឡូហ្វេយេវ ថាបានបំពានលើការទណ្ឌកម្មប្រឆាំងរុស្ស៉ី ហើយក្រុមរដ្ឋអាជ្ញាអាមេរិក ក៏បានអះអាងដែរថាមហាសេដ្ឋីរុស្ស៉ីរូបនេះបានផ្ដល់ហិរញ្ញវត្ថុដល់ក្រុមឧទ្ទាមផ្ដាច់ទឹកដីគាំទ្រដោយរុស្ស៉ី នៅក្នុងតំបន់គ្រីមៀ ដែលត្រូវបានទីក្រុងមូស្គូក្រសោបយកពី អ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ព្រមពេលជាមួយគ្នានោះ លោក Garland ក៏បានប្រកាសផងដែរពីការរឹបអូសទ្រព្យសម្បត្តិរាប់លានដុល្លារពីលោក ម៉ាឡូហ្វេយេវ ដែល តម្កល់ទុកនៅសហរដ្ឋអាមេរិក៕