(អ៉ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថាន នៅថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវដល់កងទ័ពឲ្យជួយបញ្ចប់ភាពចលាចលដ៏កក្រើកប្រទេស បន្ទាប់ពីមានការចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រី លោក អ៉ីមរ៉ន ខាន់ (Imran Khan) ហើយបានព្រមានក្រុមអ្នកតវ៉ាជុំវិញការវាយប្រហារណាមួយលើស្ថាប័នរដ្ឋ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។
យោងតាមការស្ទង់មតិ លោក ខាន់ ជាអតីតមេដឹកនាំនយោបាយដ៏មានប្រជាប្រិយម្នាក់របស់ប្រទេសប៉ាគីស្ថាន។ លោក ខាន់ ត្រូវបានចាប់ខ្លួននៅក្នុងករណីក្លែងបន្លំ ឯកសារដីធ្លី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបានជំរុញឲ្យក្រុមអ្នកគាំទ្ររូបលោកនាំគ្នាលុកលុយចូលទីស្នាក់ការយោធា និងផ្ទះរបស់លោកឧត្តមសេនីយ៍យោធាកំពូល នៅឯទីក្រុងឡាហ័រ (Lahore) ស្ថិតភាគខាងកើតប្រទេសប៉ាគីស្ថាន។ ក្រៅពីនេះ អគារ និងទ្រព្យសម្បត្តិរដ្ឋផ្សេងទៀតត្រូវរងនូវការវាយប្រហារ និងដុតបំផ្លាញ។
នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលប៉ាគីស្ថាន បានអនុញ្ញាតឲ្យដាក់ពង្រាយកងទ័ពដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ក្រោយទទួលបានសំណើរពីខេត្តចំនួន ២ក្នុងចំណោម ខេត្តចំនួន ៤របស់ប៉ាគីស្ថាន គឺខេត្តពុនចាប់ (Punjab) និងខាយបឺ ប៉ាកទុនវ៉ា (Khyber Pakhtunkhwa) ដែលក្នុងនោះរួមទាំងជំរំរបស់ក្រុមអ្នកគាំទ្រលោក ខាន់ និងរដ្ឋធានីអ៉ីស្លាម៉ាបាដ (Islamabad) ផងដែរ៕