(ប៉េកាំង)៖ យោងតាមារចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រទេសចិននឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រមួយ ជាមួយប្រទេសជិតខាង របស់ខ្លួន គឺប្រទេសឡាវនៅក្នុងខែឧសភានេះ ខណៈដែលទីក្រុងប៉េកាំងព្យាយាមពង្រឹងទំនាក់ទំនង សន្តិសុខជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីទប់ទល់នឹងការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិក នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិចិនបានឲ្យដឹងថា ទីបញ្ជាការភូមិភាគខាងត្បូង ដែលជាទីបញ្ជាការមួយក្នុងចំណោមទីបញ្ជាការទាំង៥ នៃកងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនកង ទ័ពរបស់ខ្លួនទៅកាន់ប្រទេសឡាវ សម្រាប់ការធ្វើសមយុទ្ធរួមគ្នាហៅថា «Friendship Shield 2023»។ ទូរទស្សន៍រដ្ឋរបស់ចិន ក៏បានរាយការណ៍ផងដែរថា សមយុទ្ធដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៩ ដល់ថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ នឹងមាននូវការហាត់សមវាយប្រហារលើ ក្រុមឧក្រិដ្ឋ ជនប្រដាប់អាវុធឆ្លងដែន ដោយមានការចូលរួមពីបុគ្គលិកយោធាជាង ៩០០នាក់ រួមទាំងទាហានចិន ជាង ២០០នាក់។
សូមបញ្ជាក់ថា សមយុទ្ធដែលបានគ្រោងទុកនេះ បង្ហាញពីការបោះជំហានទៅមុខទៀត បន្ទាប់ពីការ សមយុទ្ធសង្គ្រោះផ្នែកវេជ្ជសាស្រ្តមនុស្សធម៌រួមគ្នាកាលពីមុន រវាងយោធាចិន និងឡាវ នៅក្នុង ប្រទេសឡាវ។ ទំនាក់ទំនងយោធារបស់ចិនជាមួយសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍កាន់តែមានភាពរឹងមាំ ស្របពេលដែលទីក្រុងប៉េកាំង កំពុងជំរុញនយោបាយការទូត ដើម្បីពង្រឹងទំនាក់ទំនងកាន់តែ ស៊ីជម្រៅ ជាមួយប្រទេសជិតខាងភាគខាងត្បូងមួយនេះ៕