មន្រ្តីប្រតិភូអ៊ុយក្រែនដាល់មន្រ្តីរុស្ស៉ី កំលុងសន្និបាតក្រុមប្រទេសជាប់សមុទ្រខ្មៅ ដែលរៀបចំ ឡើងនៅតួកគី

(អង់ការ៉ា)៖ មន្រ្តីម្នាក់នៃគណៈប្រតិភូរបស់អ៊ុយក្រែន បានដាល់មុខមន្រ្តីម្នាក់ទៀតដែលស្ថិតក្នុង ប្រតិភូរបស់រុស្ស៉ី កំលុងព្រឹត្តិការណ៍មួយ ដែលប្រមូលផ្តុំក្រុមប្រទេសជាប់សមុទ្រខ្មៅ នៅឯរដ្ឋធានី អង់ការ៉ានៃប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញ​ផ្សាយដោយទី ភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង នៅពេលខាងមន្រ្តីរុស្ស៉ីបានទៅឆក់យកទង់ជាតិអ៊ុយក្រែន ចេញពីដៃមន្រ្តីអ៊ុយក្រែន ដែលកំពុងតែឈរ​កាន់វានៅពីខាងក្រោយ ប្រមុខដឹកនាំប្រតិភូរបស់រុស្ស៉ី ដែលកំពុងធ្វើបទសម្ភាសន៍តាមប្រព័ន្ធវីដេអូលើទូរស័ព្ទ។ ការវាយតប់គ្នានោះបានកើតឡើង នៅ សាលខាងក្រៅនៃអគារសភារបស់តួកគី ជាទីដែលសន្និបាត BSCE ត្រូវបានរៀបចំឡើង។ មុនពេលមានរឿងហេតុនោះ ក្នុងថ្ងៃដដែល មន្រ្តីមួយចំនួននៃប្រតិភូអ៊ុយក្រែន ក៏បានប្រតាយប្រតប់ គ្នាជាមួយ ក្រុមមន្រ្តីសន្តិសុខផងដែរ ដែលបានព្យាយាមទាញមន្រ្តីទាំងនោះចេញ ខណៈពួកគេបាន ធ្វើសកម្មភាពតវ៉ា ដោយស្រែកនិងលើកទង់ជាតិរបស់ខ្លួន នៅក្បែរប្រមុខដឹកនាំប្រតិភូរុស្ស៉ី ស្រប ពេលដែលលោកស្រី ព្យាយាមថ្លែងសុន្ទរកថា ទៅកាន់អង្គសន្និបាត៕