(មូស្គូ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ បានប្រាប់អោយដឹងតថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយនៅថ្ងៃសុក្រនេះថា ឧប្បត្តិហេតុដ្រូននៅឯវិមានក្រឹមឡាំងកាលពីថ្ងៃពុធ សប្តាហ៍នេះ គឺជា «ទង្វើអរិភាព» ហើយរុស្ស៉ីនឹងឆ្លើយតបជាមួយនិង «សកម្មភាពជាក់ស្តែង»។
លោក ឡាវរ៉ូវ បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា យ៉ាងដូច្នេះថា «វាច្បាស់ណាស់ ថានេះជាទង្វើអរិភាព វាច្បាស់ណាស់ថាទីក្រុងកៀវមិនអាចប្រព្រឹត្តសកម្មភាព ដោយគ្មានការដឹងលឺ ពីចៅហ្វាយនាយរបស់ពួកគេឡើយ។ យើងនឹងឆ្លើយតបដោយមិនមែនគ្រាន់តែជាការនិយាយនោះទេ តែយើងនឹងឆ្លើយតបដោយសកម្មភាពជាក់ស្តែង»។
គួរបញ្ជាក់ថា រុស្ស៉ីបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកបានបាញ់យន្តហោះដ្រូនលើវិមានក្រឹមឡាំង ក្នុងការប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយចោទសហរដ្ឋអាមេរិកថាជាអ្នកនៅពី ក្រោយការវាយប្រហារនោះ។ ដោយឡែក អ៊ុយក្រែន បានបដិសេធការប្រព្រឹត្តបែបនោះ ខណៈសេត វិមានច្រានចោលការអះអាងរបស់រុស្ស៊ីថាជាពាក្យភូតកុហក៕