កោះកុង÷ សាលាគណៈ គណៈធម្មយុក្កិកនិកាយខេត្តកោះកុង ប្រារព្ធពិធីបុណ្យ
វិសាខ បូជា ព.ស.២៥៦៧ គ.ស.២០២៣ ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងបី គឺថ្ងៃព្រះអង្គទ្រង់ប្រសូត្រ ហើយដែលជាថ្ងៃព្រះអង្គទ្រង់ត្រាស់ដឹង និងថ្ងៃដែលព្រះអង្គទ្រង់បរិនិព្វាន ដែលជាថ្ងៃដ៏ពិសេសរបស់បរមគ្រូជាម្ចាស់នៃយើង។
ពិធីបុណ្យវិសាខ បូជានេះ បានប្រារព្ធធ្វើឡើង នាល្ងាចថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ នៅវត្តទេពនិមិត្ត(ហៅវត្តថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ដែលមានការអញ្ជើញចូលរួម ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រីឈី វ៉ា អភិបាលរងខេត្ត លោកមុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដែលអញ្ជើញចូ លរួមដង្ហែរវិសាខបូជា ពីវត្តទេពនិមិត្ត ឆ្ពោះទៅផ្សារដងទង់ ផែអូប័រ បន្តទៅរង្វង់មូលគល់ស្ពានកោះប៉ា រួចឆ្ពោះទៅកាន់វត្តទេពនិមិត្តវិញ ដើម្បីថ្វាយគ្រឿងសក្ការៈបូជាប្រទីបចំពោះព្រះរតនត្រ័យ និងប្រកាសវិសាខ បូជា សូត្រធម៌បទសម្ដែងព្រះធម៌ ទេសនា។
លុះព្រឹកឡើងនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ នាទី និមន្តព្រះសង្ឃចំនួន ៥០ អង្គ គោចរបិណ្ឌបាត្រ ដើម្បីកិច្ចឆ្លងបុណ្យវិសាខ បូជា នៅក្នុងបរិវេនវត្តទេពនិម្មិត។
ពិធីបុណ្យវិសាខបូជា ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ ១៥ កើត ខែពិសាខ មិនដែលអាក់ខានឡើយ ដើម្បីរម្លឹក និងលើកកម្ពស់ រក្សានូវវិស័យព្រះ ពុទ្ធសាសនា៕ ដោយ ញុឹប សន