សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍ទទួលយកតាមសំណើរបស់សកម្មជនគណបក្សភ្លើងទៀន លោកស្រី ប៉ីប៉ីលី (Pey Pey ly) និងស្វាមី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយចេញវិដេអូសុំអភ័យទោស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នេះ បានប្រកាសសូមស្វាគមន៍ទទួលយកតាមសំណើ របស់សកម្មជនគណបក្សភ្លើងទៀនលោកស្រី ប៉ីប៉ីលី​ (Pey Pey Ly) និងស្វាមី ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយចេញវិដេអូសុំអភ័យទោស

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញស្វាគមន៍យ៉ាងដូច្នេះថា «មុននេះបន្តិចខ្ញុំបានទទួលវីដេអូរបស់ កូនស្រី ប៉ីប៉ីលី និងស្វាមី ដែលសុំអភ័យទោស និងសូមមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាវិញ។ ក្នុងវីដេអូនេះកូនស្រី ប៉ីប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែល ខ្ញុំនឹងបង្ហាញជូនតាមបណ្តាញសង្គមរបស់ខ្ញុំ។

«ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ទទួលយកតាមសំណើររបស់ ប៉ីប៉ីលី និងស្វាមី ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមកូនស្រី ប៉ីប៉ីលី ទុករឿងអតីតកាល មួយអន្លើនិងខិតខំរួមគ្នាធ្វើដំណើរឆ្ពោះទៅមុខដើម្បីសេចក្តី សុខរបស់ជាតិ និងការរីកចំរើនក្នុងគ្រួសារក៍ដូចជាសង្គមជាតិ»