ប្រមុខ UN៖ យើងបរាជ័យក្នុងការទប់ស្កាត់សង្រ្គាមនៅស៊ូដង់ ខណៈការប្រយុទ្ធគ្នាបន្តបំពានបទឈប់បាញ់

(ខាទុំ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា «យើងបរាជ័យ» ក្នុងការបញ្ឈប់ កុំឱ្យសង្រ្គាមផ្ទុះឡើងនៅស៊ូដង់ ជាកន្លែងដែលមានការប្រយុទ្ធគ្នាឥតឈប់ឈរ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា ធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹង បទឈប់បាញ់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។

លោក ហ្គូតឺរ៉េស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា យ៉ាងដូច្នេះថា «អង្គការសហប្រជាជាតិមានការភ្ញាក់ផ្អើលចំពោះស្ថានភាពនេះ ពីព្រោះតែស្ថាប័ន ពិភពលោកមួយនេះ និងអ្នកផ្សេងទៀត សង្ឃឹមថាការចរចាឆ្ពោះទៅរកការផ្លាស់ប្តូរនៃការដឹកនាំដោយរដ្ឋាភិបាលស៊ីវិលមួយនឹងទទួលបានជោគជ័យ»។ ប្រមុខ UN រូបនេះ បានគូសបញ្ជាក់បន្ថែមថា «ប្រទេសមួយដូចជាស៊ូដង់ ដែលទទួលរងទុក្ខវេទនាយ៉ាងខ្លាំងរួចហើយ …មិនអាចមានលទ្ធភាពក្នុងការតស៊ូ ព្រោះតែការដណ្តើមអំណាចរវាងមនុស្ស ពីរនាក់បានទេ។ ចំពោះវិសាលភាពដែលយើង និងមនុស្សជាច្រើនទៀតមិននឹកស្មានថានឹងកើតឡើងនោះ យើងអាចនិយាយបានថា យើងពិតជាបរាជ័យក្នុងការបញ្ចៀសជម្លោះ»