(តេហេរ៉ង់)៖ កងកម្លាំងជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងផ្សេងទៀត នៅក្នុងតំបន់ដែនទឹកច្រកសមុទ្រហ័រមូស (Hormuz) ដែលនេះជា ការរឹបអូសកប៉ាល់ដឹកប្រេងជាលើកទី២ ក្នុងរយៈពេលមួយសប្ដាហ៍ នៅចំពោះមុខភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។
ព័ត៌មានពីការរឹបអូសកប៉ាល់ខាងលើ ត្រូវបានទទួលស្គាល់ដោយកងនាវាទី៥របស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់នៅថ្ងៃពុធសប្ដាហ៍នេះ។ កប៉ាល់ នេះដដែលត្រូវបានកងកម្លាំងជើងទឹក នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ឃាត់ទុកក្នុងតំបន់ច្រកសមុទ្រហ័រមូស។ វីដេអូមួយក៏បានបង្ហាញដែរពីសកម្មភាពកាណូតជាច្រើនគ្រឿងរបស់ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ចូលទៅក្បែរកប៉ាល់ដឹកប្រេងដែលមានដោតទង់ជាតិប៉ាណាម៉ា។ ចំណែកឯ ខាងសហរដ្ឋអាមេរិកបានអះអាងថា កប៉ាល់ខាងលើត្រូវបានបង្ខំឱ្យចូលទៅកាន់ ដែនទឹកអ៉ីរ៉ង់ កំលុងការរឹបអូសដោយខុសច្បាប់។