ប្រធានរដ្ឋឡាវ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប «ព្រះបរមរតនកោដ្ឋ»

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការចូលគាល់ព្រះមហាក្សត្រកម្ពុជា លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

លោកប្រធានរដ្ឋឡាវ មករាជធានីភ្នំពេញ នៅម៉ោងប្រមាណ៧៖៣០នាទីព្រឹក ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា។

អំឡុងទស្សនកិច្ចនេះ លោកក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ លោកបណ្ឌិត ថងលុន ស៉ីសុលីត និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន ស៉ីសុលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕