(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) បានប្រកាសជាផ្លូវការនូវផែនការថ្មីមួយ ក្នុងការបង្កើនការផលិតគ្រាប់រំសេវលក្ខណៈទ្រង់ទ្រាយធំ ដែលជាប្រយោជន៍សម្រាប់អ៊ុយក្រែន ខណៈ កំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ី និងដើម្បីកែលម្អភូមិសាស្ត្រនយោបាយរបស់ប្លុក ឱ្យកាន់តែមានទំនុកចិត្ត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។
ស្នងការទទួលបន្ទុកទីផ្សារផ្ទៃក្នុងរបស់ EU លោក ធៀរី ប្រ៊េតុន (Thierry Breton) ចង់ឲ្យមានការប្រើប្រាស់ថវិកាយ៉ាងហោចណាស់ ១ពាន់លានអឺរ៉ូ ឬស្មើនឹង ១.១ពាន់លានដុល្លារ ជាមូលនិធិដើម្បីគាំទ្រដល់ការផលិតគ្រាប់រំសេវ ដែលមានគោលដៅផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់រំសេវ និងបំពេញឃ្លាំងស្តុកក្នុងប្រទេសសមាជិករបស់ខ្លួន។ ថវិកាពាក់កណ្តាល នៃមូលនិធិសហភាពអឺរ៉ុបនេះ ត្រូវផ្តល់ដោយប្រទេសជាសមាជិក។ បើតាម លោក ប្រ៊េតុន EU នៅតែមានមូលដ្ឋានផលិតកម្មដ៏មានសក្ដានុពលមួយ ជាពិសេសនៅភាគខាងកើត នៃប្លុក ដែលអាចប្រើប្រាស់បាន ប្រសិនបើផ្តោតការយកចិត្តទុកដាក់រួមគ្នា។
លោក ប្រ៊េតុន បានគូសបញ្ជាក់ថា « សូមផ្តល់ឲ្យ និងចែកចាយជាមុននូវអ្វីដែលអ៊ុយក្រែនត្រូវការបន្ទាន់។ ពីព្រោះយើងដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើង។ ខ្ញុំមានទំនុកចិត្តថា យើងអាចបង្កើនជំនាញមូលដ្ឋាននៃឧស្សាហកម្មរបស់យើង ដើម្បីអាចផលិតគ្រាប់រំសេវយ៉ាងហោចណាស់ ១លានគ្រាប់ នៅអឺរ៉ុបសម្រាប់អ៊ុយក្រែន នៅឆ្នាំ២០២៤។