(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា រៀងរាល់ថ្ងៃ ៣ឧសភា ដែលជាទិវាសេរីភាពសារព័ត៌មានពិភពលោក គេតែងឮច្រើនជាងគេនូវពាក្យសារព័ត៌មាន ឯករាជ្យ ប៉ុន្តែលោកចោទថា លើកពិភពលោកនេះ តើប្រទេសណាមានសារព័ត៌មានឯករាជ្យ?
តាមរយៈបណ្ដាញសង្គម Facebook លោក ប៉ែន បូណា បានអបអរសាទរដល់ ទិវាសេរីភាព សារព័ត៌មានពិភពលោក៣ឧសភា ជាមួយនឹងការលើកឡើងដូច្នេះថា៖
«ជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃ៣ឧសភា គេតែងលឺរបាយការណ៍រិះគន់ស្ថានភាពសេរីភាពសារ ព័ត៌មានក្នុងប្រទេសនេះ ប្រទេសនោះ ជាពិសេសប្រទេសតូចតាច និងទន់ខ្សោយ។ ពាក្យដែលគេលឺញឹកញាប់បំផុតគឺ “សារព័ត៌មានឯករាជ្យ”។
ប៉ុន្តែ តើអ្វីជាសារព័ត៌មានឯករាជ្យ? តើប្រទេសណាដែលមាន “សារព័ត៌មានឯករាជ្យ” ពិតប្រាកដ សម្រាប់ធ្វើជាគំរូស្តង់ដារ?»។
ជាមួយនឹងការលើកឡើងបែបនេះ លោក ប៉ែន បូណា ក៏បានបង្ហាញ រូបត្លុកដែលមានន័យរិះគន់សារ ព័ត៌មានលោកខាងលិចដែលជាមហាប្រទេសប្រជាធិបតេយ្យជឿនលឿនក្នុងលោក និងអំពាវនាវឲ្យ ប្រជាពលរដ្ឋសាធារណជនពិចារណាតាមការគួរ៕