ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកវគ្គបណ្តុះបណ្តាលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដល់គ្រូឧទ្ទេសទូទាំង ប្រទេស នៅថ្ងៃទី១០ ខែឧសភា


 (ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារចំពោះកិច្ច នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកវគ្គបណ្តុះ បណ្តាលគ្រូឧទ្ទេសទូទាំងប្រទេស នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ពាក់ព័ន្ធ នឹងបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដែលបានដាក់ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ។លោកបណ្ឌិតបានឲ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និសីទ ទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន។

បើតាមលោកបណ្ឌិត ព្រហ្មវិចិត្រអក្ខរា ការបើកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសទូទាំងប្រទេស នឹងត្រូវ ធ្វើឡើងក្រោយមានការឯកភាពពី លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា ក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សា ធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានសម្រេចប្រកាសជាផ្លូវការ ចាប់ផ្តើម អនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខ្លឹមសាររដ្ឋធម្មនុញ្ញមាន ៤០មាត្រាត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពី ថ្នាក់ទី១ ដល់ថ្នាក់ទី១២។

MoU បានកើតឡើងក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ជួបជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បី ពិភាក្សាលម្អិតលើនីតិវិធីមួយចំនួន ក្នុងការដាក់បញ្ចូលខ្លឹមសារសំខាន់ៗរបស់រដ្ឋធម្មនុញ្ញទៅក្នុង កម្មវិធីអប់រំ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តល់ជំនួយ បច្ចេកទេសក្នុងការរៀបចំខ្លឹមសារគោល និងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទបញ្ញត្តិគ្រឹះរដ្ឋ ធម្មនុញ្ញ ដែលត្រូវដាក់ក្នុងកម្មវិធីសិក្សាទាំងបីកម្រិត រីឯក្រសួងអប់រំជាអ្នករៀបរៀង និងបោះពុម្ភ ផ្សាយខ្លឹមសារគោល និងខ្លឹមសារមេរៀនដែលពាក់ព័ន្ធ៕