(ភ្នំពេញ)៖ លោក តូច ចាន់នី អគ្គនាយកដ្ឋានសេវាសង្គមកិច្ចនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពិធីចុះហត្ថលេខា លើគម្រោង កម្មវិធីជាមួយអង្គការចំនួន១៧ ក្នុងគោលបំណងជួយដល់កុមារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។
ក្នុងពិធីចុះហត្ថលេខានោះ ក៏បានពិភាក្សា និងផ្តល់យោបល់ជាមួយអង្គការដៃគូ ដែលបានដាក់ពាក្យ ស្នើសុំកិច្ចព្រមព្រៀង និងពិភាក្សាពិនិត្យឯកសារ ដែលអង្គការបានបំពេញលក្ខខណ្ឌ នៃកិច្ចព្រម ព្រៀងផងដែរ។
លោក តូច ចាន់នី បានឱ្យដឹងថា អង្គការ និងសមាគម ទាំង១៧ មានសុពលភាពអនុវត្តនៃកិច្ចព្រម ព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រយៈពេល ០៣ឆ្នាំ ដែលមានទឹកប្រាក់សរុបចំនួន ៩ ៧៥១ ១៨៩ ដុល្លារ។
លោក តូច ចាន់នី បានលើកឡើងថា មុននឹងក្រសួងសង្គមកិច្ចសម្រេចចុះកិច្ចព្រមព្រៀងនេះ ក្រុម ការងារបាន ចុះពិនិត្យ និងវាយតម្លៃគម្រោងកម្មវិធីរបស់អង្គការដៃគូ ដោយសហការជាមួយមន្ទីរ និងនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងបានធ្វើរបាយការណ៍ពីលទ្ធផលនៃការចុះត្រួតពិនិត្យ វាយតម្លៃ គម្រោងកម្មវិធីជូនថ្នាក់ដឹកនាំ និងបានប្រជុំជាមួយមន្រ្តីជំនាញ និងតំណាងអង្គការដៃគូ ដើម្បីពិនិត្យ និងសម្រួលលើខ្លឹមសារនៃកិច្ចព្រមព្រៀង គម្រោងកម្មវិធីរបស់អង្គការនីមួយៗ ដើម្បីប្រជុំពិនិត្យ សម្រេច ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងកម្មវិធីនេះ។
អង្គការដៃគូចំនួន១៧ ដែលចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចរួមមាន៖
១. អង្គការសង្គ្រោះ និងអភិវឌ្ឍន៍កុមារកំព្រា ស្រ្ដីមេម៉ាយ
២. អង្គការសាកលវិទ្យាល័យអន្ដរជាតិសម្រាប់ប្រជាជាតិ
៣. អង្គការថែរក្សា និងអប់រំមនុស្សសំរាប់កម្ពុជា
៤. អង្គការ OPERATION HOPE FOUNDATION
៥.សមាគមជំរុំកុមារដែលម៉ុនកម្ពុជា
៦. សមាគមមូលនិធិហ្សានីញេ ហូលីបេប៊ី
៧. អង្គការសេវាសង្គមកិច្ចកម្ពុជា
៨. អង្គការ Joy Fountain Foundation
៩. សមាគមជឺទ័រហ៊ួយតាវនៅកម្ពុជា
១០. អង្គការជម្រកជនគ្មានទីពឹង
១១. អង្គការខេខេអ៊ីវីកម្ពុជា
១២. អង្គការកុមារឥតព្រំដែនកម្ពុជា
១៣. អង្គការហូលថ៏អន្ដរជាតិ
១៤. អង្គការជីវិតនៅកម្ពុជា
១៥. អង្គការម្លប់ឫស្សី
១៦. អង្កការត្រង់ហ្វ៊មអេស្សា
១៧. អង្កការ Italian Association for Aid to Children (CIAI)៕