ចិនថា អធិបតេយ្យរបស់មីយ៉ាន់ម៉ា គួរតែត្រូវបានគោរព

 (ប៉េកាំង)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) បាននិយាយនៅ ថ្ងៃពុធនេះថា ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយ ឯករាជ្យ ភាពរបស់ខ្លួន និងជំរុញសហគមន៍អន្តរជាតិឲ្យគោរពអធិបតេយ្យរបស់មីយ៉ាន់ម៉ា ក៏ដូចជាជួយ ប្រទេសនេះឲ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ។

ក្រសួងការបរទេសចិន បានដកស្រង់សម្តីរបស់លោក ឈិន កាង ដែលបានគូសបញ្ជាក់យ៉ាង ដូច្នេះថា «ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ ស្របទៅនឹង ផលប្រយោជន៍ របស់ជាតិ ។ ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ា ក្នុងកិច្ចដំណើរការផ្លាស់ប្តូរនយោបាយរបស់ខ្លួន និងគាំទ្រ ភាគីពាក់ព័ន្ធឲ្យដោះស្រាយភាពខ្វែងគំនិតគ្នា ហើយស្វែងរក ការបង្រួបបង្រួមជាតិក្រោមក្របខណ្ឌ រដ្ឋធម្មនុញ្ញ និងច្បាប់»។ លោក ឈិន​ បានបន្ថែមថា សហគមន៍អន្តរជាតិគួរតែគោរពអធិបតេយ្យ របស់មីយ៉ាន់ម៉ា និងដើរតួនាទីប្រកប ដោយលក្ខណៈស្ថាបនាក្នុងការជួយប្រទេសអាស៊ានមួយនេះ ឲ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ៕