មនុស្ស ១១ស្លាប់ ខណៈ ៩នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចទូក នៅភាគខាងលិចប្រទេស ឥណ្ឌូណេស៉ី

 (ហ្សាកាតា)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា ទូកល្បឿនលឿនដែលដឹកមនុស្ស ៧៨នាក់ បានលិចនៅភាគ ខាងលិចប្រទេសឥណ្ឌូណេស៊ី ហើយក្រុមសង្គ្រោះកំពុងស្វែងរកមនុស្ស ៩នាក់ដែលកំពុងបាត់ខ្លួន នៅក្នុងសមុទ្រ នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។

លោក នីយ៉ូម៉ាន ស៉ីដហាការយ៉ា (Nyoman Sidhakarya) ប្រធានទីភ្នាក់ងារស្វែងរក និងជួយ សង្គ្រោះប្រចាំទីក្រុងប៉េកាន់បារូ (Pekanbaru) បានឲ្យដឹងថា ក្រុមសង្គ្រោះយកបានសាកសពចំនួន ១១នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជួយសង្គ្រោះមនុស្សចំនួន ៥៨នាក់។ រហូតមកដល់ពេលនេះ ពួកគេជាច្រើននាក់បានសន្លប់ បន្ទាប់ពីត្រូវរសាត់ក្នុងទឹកអស់រយៈពេលជា ច្រើនម៉ោង។

លោក ស៉ីដហាការយ៉ា បានបន្ថែមថា ទូកល្បឿនលឿន Evelyn Calista 01 បានដឹកអ្នកដំណើរចំនួន ៧២នាក់ ដែលភាគច្រើនត្រឡប់ពីដំណើរកម្សាន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ ដើម្បីប្រារព្ធពិធីបុណ្យ Eid al-Fitr និងសមាជិកនាវិកចំនួន ៦នាក់។ ក្រោយមក ទូកបានលិចនៅវេលារសៀលថ្ងៃព្រហស្បតិ៍ គឺប្រហែលបីម៉ោងបន្ទាប់ពីចាកចេញពីកំពង់ផែតំបន់រីអៅ (Riau)។

គួរបញ្ជាក់ថា មូលហេតុនៃការលិចទូកនេះកំពុងស្ថិតក្រោមការស៉ើបអង្កេតនៅឡើយ ប៉ុន្តែអ្នកនៅរស់ខ្លះបានប្រាប់សមត្ថកិច្ចថា ទូកស្រាប់តែរេភ្លាមៗហើយបានក្រឡាប់បន្ទាប់ពីបុកឈើធំមួយ ខណៈកំពុងមានខ្យល់ខ្លាំង។ សោកនាដកម្មតាមទូក គឺជារឿងកើតមានឡើងញឹកញាប់នៅក្នុងប្រទេសឥណ្ឌណេស៉ី ដែលជាប្រជុំកោះជាង ១៧,០០០កោះ ដោយស្រឡាងត្រូវបានប្រើប្រាស់ញឹកញាប់សម្រាប់ជាមធ្យោបាយនៃការដឹកជញ្ជូន ហើយបទប្បញ្ញត្តិសុវត្ថិភាពត្រូវបានមើលរំលង៕