(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅ សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្រើនរំលឹកដល់មន្ត្រី កុំឱ្យយកមន្ត្រីពូកែចាក់រុកមកដាក់ជិតខ្លួន និងបាន អះអាងថា មន្ត្រីដែលល្អមិនដែលចេះចាក់រុកអ្នកដ៏ទៃ និងអួតខ្លួនគេថាជាមន្ត្រីល្អនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ដោយសារធ្លាប់មានបទពិសោធន៍ឆ្លងកាត់យូឆ្នាំ នៃការធ្វើជាមន្ត្រីដឹកនាំ សូមខិតខំទទួលយកមកសិក្សានូវព័ត៌មានដែលពិត សុំកុំយកកៀកខ្លួននូវមន្ត្រី ដែលចាក់រុក យករឿងដែលមិនល្អយកមកដាក់ក្បែរខ្លួន ហើយខ្ញុំមិនមែនបានសេចក្តីថា កន្លងទៅខ្ញុំមិន បានគត់សម្គាល់ចំពោះមន្ត្រីនោះទេ សុំកុំភ័ន្តច្រឡំ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា មានមន្ត្រីរបស់សម្តេចខ្លះ ពេលដែលចូលជួបសម្តេច និងរាយការណ៍ពីការងារខ្លួនឯងចប់ ក៏និយាយដើមអ្នកដ៏ទៃ និងបានធ្វើឱ្យសម្តេចមានការធុញទ្រាំ និងបានធ្វើការគត់សម្គាល់ចំពោះមន្ត្រីនឹងហើយដែរ ហើយចាប់ពីពេលនេះទៅប្រហែលជាមិន មានមន្ត្រីណាហ៊ានទៅបោកប្រាស់សម្តេចនោះទេ ព្រោះសម្តេចក៏បានធ្វើការគត់សម្គាល់រួចអស់ ហើយផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅពេលមានមន្ត្រីខ្លះ បានមកនិយាយដើមពីអ្នក ដ៏ទៃប្រាប់នោះ បើសម្តេចមិនរឹងមាំ ក្នុងការសម្រេចចិត្តនិងឈរលើសច្ចៈភាពពិតប្រាកដនោះទេ វានឹងនាំទៅដល់ការសម្រេចចិត្តខុសតែម្តង ដូចនេះហើយធ្វើជាមន្ត្រីដឹកនាំ កុំឱ្យគេមកបោកប្រាស់ បាននូវព័ត៌មាន។ សម្តេចបានបន្ថែមថា អ្នកនិយាយដើមគេនេះ បានបង្កើតទម្លាក់អាក្រក់ ដូចនេះ ធ្វើជាមេដឹកនាំគេ ត្រូវចេះវិនិច្ឆ័យឱ្យបានច្បាស់ថា រាល់ព័ត៌មានទាំងនោះវាជារឿងពិត ឫមិនពិត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកដែរថា ក្រោយពេលដែលសម្តេចចេះតែនិយាយរឿងមន្ត្រី គ្រាប់ល្ពៅ នៅពេលជួបជាមួយមន្ត្រីខ្លួន មានអ្នកផ្ញើសារមកសម្តេចតាមប្រព័ន្ធបណ្តាញសង្គមអួតថា ខ្លួនជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី៤ ហើយការអួតដូចនេះគឺគ្មានផ្លូវទេជាមួយសម្តេច និងបានអះអាថា មន្ត្រីដែលល្អពិតប្រាកដ គេមិនដែលអះអាង និងអួតថា ជាអ្នកស្នេហាជាតិ និងជាអ្នកស្រលាញ់ប្រជា ជននោះទេ គេធ្វើទង្វើជាក់ស្តែងតែម្តង៕