(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជាតិ និងប្រជាជនកម្ពុជា បានទទួលផលប្រយោជន៍ ក្នុងនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ពីថ្នាក់ជាតិ ទៅកាន់ថ្នាក់ក្រោមជាតិ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យើងបានទទួលផលជាបណ្តើរៗហើយ ផ្តើមចេញពីការកែទម្រង់មុខងារសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ទាក់ទងនឹងវិមជ្ឈិកា និងវិសហមជ្ឈិកា»។
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍អំពីជោគជ័យនៃកំណែទម្រង់នេះ គឺតាមរយៈការដោះស្រាយជំងឺកូវីដ១៩ នាពេលកន្លងទៅ និងការដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ។ សម្តេចបញ្ជាក់ថា៖ «ទោះបីជាមិនស្មើគ្នា ក៏ប៉ុន្តែអាចនិយាយបានថា មូលដ្ឋានបានទទួលផល ជាតិទាំងមូលបានទទួលផល តាមរយៈការផ្ទេរអំណាចពីថ្នាក់ជាតិ ទៅមូលដ្ឋាន»។
សម្តេចលើកឡើងទៀតថា បើសិនជាពេលនោះ រាជរដ្ឋាភិបាល មិនផ្ទេរអំណាចទៅមូលដ្ឋានទេ តើកម្ពុជាមានលទ្ធភាពដើម្បីគ្រប់គ្រងកូវីដ១៩ បានឬទេ? នោះក៏ដោយសារតែថ្នាក់មជ្ឈិមមិនអាចទៅដល់មូលដ្ឋានភ្លាមៗ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នោះទេ។
សម្តេចលើកឡើងថា ក្នុងពេលយុទ្ធនាការគ្រប់គ្រងជំងឺកូវីដ១៩ កំណែទម្រង់ក្នុងវិស័យសុខាភិបាល ទាក់ទងនឹងការផ្ទេរអំណាចពីថ្នាក់លើទៅថ្នាក់ក្រោមជាតិ ត្រូវបានធ្វើឡើងខ្លាំងជាងគេ ដែលនេះកើតចេញពីកំណែទម្រង់ នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល៕