អ៊ុយក្រែនអះអាងថា ទាហានរុស្ស៉ី សម្រុកវាយបំបែកខ្សែការពារទីក្រុងបាមូត


 (កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ បញ្ជាក់ថា កងកម្លាំងរុស្ស៉ីបន្តវាយលុកលើទីក្រុងបាកមូត (Bakhmut) ដែល ជាចំណុចប្រសព្វនៃការប៉ុនប៉ងដណ្តើមយកទីតាំងឧស្សាហកម្មនៃតំបន់ដុនបាស់ (Donbas) ស្ថិត ភាគខាងកើតអ៊ុយក្រែនអស់រយៈពេលជាច្រើនខែ ហើយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនិយាយថា កងទ័ពអ៊ុយក្រែនជៀសមិនរួចពីការរុញច្រានឲ្យចូលទៅមុខនោះឡើយ។

ក្នុងរបាយការណ៍មួយនៅលើ Facebook បុគ្គលិកទូទៅនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានឲ្យដឹងថា ក្នុងការប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់ទីក្រុងបាកមូត និងតំបន់ក្បែរនោះ គឺកង កម្លាំងរុស្ស៉ីបរាជ័យលើការឈាន ទៅមុខនៅភូមិចំនួនពីរនៃភាគពាយព្យ ។ បើតាមសេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀត ពីអ្នកនាំពាក្យក្រុមកងកម្លាំងភាគខាងកើតអ៊ុយ ក្រែន លោក សឺហ៉ី ឆេរ៉េវ៉ាទី (Serhiy Cherevatiy) ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងកម្លាំង រុស្ស៉ីបានបើកការវាយប្រហារចំនួន ៣២៤លើក ដោយប្រើកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតជាច្រើន។

ដោយឡែក លោក វីតាលី ឃីម (Vitaliy Kim) អភិបាលតំបន់ម៉ាយកូលេវ (Mykolaiv) ដែលស្ថិត នៅភាគខាងត្បូងអ៊ុយក្រែន ក៏បានឲ្យដឹងផងដែរថា មីស៉ីលរបស់រុស្ស៉ីបានវាយប្រហារអគារផ្ទះល្វែង និងផ្ទះឯកជនមួយក្នុងទីក្រុងនេះ។ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀត រងរបួស៕