ចក្រភពអង់គ្លេសនៅតែអនុគ្រោះពន្ធសម្រាប់ការនាំចូលផលិតផលកាត់ដេរ និងទំនិញមួយចំនួន ពីកម្ពុជា


 (ភ្នំពេញ)៖ ចក្រភពអង់គ្លេសបានបញ្ជាក់ជំហរថានៅតែផ្ដល់ប្រពន្ធអនុគ្រោះពន្ធថ្មី (DCTS) ដល់ ប្រទេសកម្ពុជា សម្រាប់ការនាំចូលផលិតផលកាត់ដេរ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្ម មួយចំនួនទៀតទៅកាន់ប្រទេសខ្លួន។

ការបញ្ជាក់នេះនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រ ភពអង់គ្លេសប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងការងារ។

ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដូមីនិក វីល្លៀម បានបញ្ជាក់ថា ចក្រភពអង់គ្លេសគ្រោងនឹងរៀប ចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលចាប់ផ្ដើមអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ។

លោកឯកអគ្គរាជទូតបន្តថា «ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុ គ្រោះពន្ធថ្មី DCTS»។

តាមរយៈការអនុគ្រោះនេះកម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ។

ឯកឧត្តម រដ្ឋមន្ត្រី អ៉ិត សំហេង បានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់ គ្លេសមានស្ថានភាពល្អ ដែលផ្តល់ការងារដល់ស្រ្តីកម្ពុជាជាច្រើន ខណៈចក្រភពអង់គ្លេសនៅតែ បន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។

គួរជម្រាបថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេសបានបន្ត កើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង ពីរបានកើនដល់ជាង៩៧៧លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេស គឺសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនិងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្ត និងកាក សំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ។

ទន្ទឹមនឹងនោះ លោកឯកអគ្គរាជទូតបានឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបន្តជំរុញឱ្យមានការបណ្តុះ បណ្តាល TVET បន្ថែមទៀតនៅកម្ពុជា និងបានផ្ដល់យោបល់ឱ្យភាគីកម្ពុជាអាចបង្កើតបណ្តាញ TVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

លោកឯកអគ្គរាជទូតមានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជា។ លោករដ្ឋមន្ត្រីក៏បានឆ្លើយតបវិញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចផ្តល់បណ្ណការងារ និងកូតាសម្រាប់បុគ្គលិកជនជាតិអង់គ្លេសដែលមកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនេះ ក្រសួងក៏នឹងផ្តល់អាទិភាពសម្របសម្រួលអ្នកជំនាញជាន់ខ្ពស់ជូនភាគីចក្រភពអង់គ្លេសផងដែរ។

លោកឯកអគ្គរាជទូត បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍន៍កម្ពុជា ខាងការបណ្តុះបណ្តាលជំនាញ អេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅចក្រភពអង់គ្លេសគឺសម្បូរអ្នកជំនាញផ្នែកនេះ។

មិនតែប៉ុណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេសគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខដើម្បីជម្រុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ៕