(ភ្នំពេញ)៖ រោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី បានបោះទុនវិនិយោគ ថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមសំណើ និងការ ទាក់ទាញរបស់ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពី ពេលកន្លងទៅ។
ដំណឹងនេះត្រូវបានលោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពាំនាំមកជម្រាបជូនលោករដ្ឋមន្ត្រី អ៉ិត សំហេង ក្នុងឱកាស ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការ ក្រសួងការងារ។
លោក ចិន ជានកាង បានឱ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូ ឡូជី ដែលឯកឧត្តម អ៉ិត សំហេង ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងវូស៊ីកន្លងទៅនោះ បច្ចុប្បន្ននេះ បានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ តាមសំណើ និងការទាក់ទាញរបស់ឯកឧត្តម រដ្ឋមន្រ្តី អ៉ិត សំហេង។ លោកប្រធាន ចិន បានបន្តថា ការវិនិយោគនេះគឺជាគម្រោងធំបំផុតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុននេះបានបណ្តាក់ទុនវិនិយោគចំនួន៣០០លានដុល្លារ។
ចំពោះដំណឹងដ៏ល្អនេះ ឯកឧត្តម រដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានសម្ដែងនូវការសប្បាយរីករាយ និង ស្វាគមន៍ចំពោះវត្តមានរោងចក្រនេះនៅកម្ពុជា។
ឯកឧត្តម អ៉ិត សំហេង បានបង្ហាញការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោ ជិតកាន់តែប្រសើរ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាយ៉ាង សំខាន់ណាស់ដែរ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពាំនាំដំណឹងល្អៗ ជូនឯកឧត្តម អ៉ិត សំហេង ថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះ សីហនុបានគោរពអញ្ជើញសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធី សំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យ ដំណើរការរោងចក្រសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ខាងលើ នេះ។តំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុរូបនេះក៏បានអញ្ជើញលោករដ្ឋមន្ត្រីចូលរួមក្នុងកម្មវិធីនេះផងដែរ។
លោក ចិន ជានកាង បានបន្តថា កន្លងមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេស ចិន។ ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើក ចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមក វិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន មកកាន់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដើម្បីផ្ដល់ឱកាសការងារកាន់តែច្រើនជូនប្រជា ពលរដ្ឋកម្ពុជាជាពិសេសនឹងខិតខំប្រឹងប្រែងទាក់ទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។
ឯកឧត្តម រដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានស្នើតាមរយៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឱ្យវិទ្យាស្ថានមិត្តភាពកម្ពុជា-ចិនបង្កើនការវិនិយោគបន្ថែមទៅលើការបណ្ដុះបណ្ដាល ពិសេស សម្ភារៈ គ្រូបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ឆ្លើយតប នឹងតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ៕