ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាល​មន្ត្រីរាជការនៅសាលា ភូមិន្ទរដ្ឋបាល

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ភាពក្នុងពិធីបិទ និងបើកវគ្គ​បណ្តុះ​​បណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល។ ពិធីបិទ និងបើក វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់​ខ្ពស់លើការបំពេញការ ងាររបស់មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន​សាធារ​ណៈ ព្រោះជាធាតុដ៏សំខាន់ក្នុងការងារ អភិបាលកិច្ចរបស់រដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាល ដែរនោះ តែងតែឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាលមន្ត្រី​រាជការរៀប ចំដោយសាលាភូមិន្ទរដ្ឋបាល។ សម្តេចតេជោ យកឱកាសនេះ ដើម្បីផ្តល់នូវឱវាទ និងអនុសាសន៍ នានា ដល់មន្ត្រីរាជការក្នុងការបំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ និងបើកវគ្គ​សិក្សា ក៏ដូចជាការ ចែកសញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល​នេះចំនួន២៣លើករួចមកហើយ។

បើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទ រដ្ឋបាល បានឱ្យដឹងថា ពិធីដែលធ្វើឡើងនៅថ្ងៃស្អែកនេះ រួមមានការបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ សម្រាប់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ មន្ត្រីគ្រប់គ្រង រដ្ឋបាល និងការបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលរួមមាន៖

វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងស្ថាប័ននៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វគ្គបណ្តុះបណ្តាលមន្ត្រី​ជាន់ខ្ពស់​នៃក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងវគ្គពង្រឹង សមត្ថភាពក្រុមការងារកែទម្រង់តាមប្រព័ន្ធឌីជីថល ដែលមាន ចំនួនសរុបទាំងអស់ ១,០២១ អង្គ/នាក់។ ក្នុងនោះមានព្រះសង្ឃ ១១អង្គ មាននារី ២០៧នាក់ និងជនពិការ ៧នាក់។
កម្មវិធីមួយទៀត គឺបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ សម្រាប់សិស្សមន្ត្រី​ក្រម​ការ​​ជំនាន់ទី១០ កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និង​មន្ត្រី​គ្រប់គ្រងរដ្ឋបាល ដែលមានចំនួន សរុបទាំងអស់ ៧២៩អង្គ/នាក់។ ក្នុងនោះ​មាន​​ព្រះសង្ឃ ៣០អង្គ មាននារី ១៦៩នាក់ និងជនពិការ ១០នាក់។
សាលាភូមិន្ទរដ្ឋបាល គឺជាគ្រឹះស្ថានអប់រំដ៏សំខាន់ក្នុងការបណ្តុះបណ្តាល​មន្ត្រី​រាជ​ការ ដើម្បីពង្រឹង សមត្ថភាពការងារតាម​ក្រសួង ស្ថាប័នសាធារណៈឱ្យបាន​ត្រឹម​​ត្រូវ​​ទៅ​តាមក្រឹតក្រមច្បាប់របស់ជាតិ។ លោក ព្រំ សុខា បានឱ្យដឹងថា ចាប់​តាំងពី​ការ​បើកឱ្យដំណើរការឡើងវិញរយៈពេល ៣០ឆ្នាំមកនេះ ពោល គឺចាប់ពី​ឆ្នាំ​១៩៩២ មកដល់ឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាល​សម្រេចបាននូវការ​បណ្តុះ​បណ្តាលមន្ត្រីរាជការ និងមន្ត្រីសាធារណៈទាំងវគ្គសិក្សារយៈពេលវែង និងវគ្គ​សិក្សារយៈពេលខ្លី សរុបចំនួន ១៩,៣៤៤នាក់ (នារី ៤,៥៤៦នាក់ ស្មើ ២៤ភាគរយ)។ បណ្តុះបណ្តាលសិស្សមន្ត្រី​ ដែលបានប្រលង​ជាប់​នៅគ្រប់កម្រិត​សរុបចំនួន ១,៤០៣នាក់ (នារី ៣៣៨នាក់)។
ចាប់ពីឆ្នាំ២០១៦មក សាលាបានបើកវគ្គបណ្តុះបណ្តាល​តម្រង់ទិសសម្រាប់​មន្ត្រីថ្មី ដែលត្រូវបាន ជ្រើសរើសដោយក្រសួងស្ថាប័នតាមរយៈ​ការប្រលង​ចូល​ក្នុង​ក្របខណ្ឌរដ្ឋ បានចំនួន៤.៨៣២នាក់ (នារី១.៨៧៤នាក់)។ ទន្ទឹមនោះ សាលា ក៏បានបើកវគ្គវិក្រឹតការដើម្បីបណ្តុះបណ្តាលបន្តដល់ មន្រ្តីជាន់ខ្ពស់ មន្ត្រី​មធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលសរុបចំនួន ៧,២៣១នាក់ (នារី ១,០៩៣នាក់ ស្មើ ១៥ភាគរយ) ព្រមទាំងបានសហការជាមួយស្ថាប័នក្រសួង និងដៃគូមួយចំនួន បើកវគ្គរយៈពេលខ្លីដល់មន្រ្តីរាជការបានចំនួនសរុប ៥,៨៧៨នាក់ (នារី ១,២៤១នាក់ ស្មើ ២១ ភាគរយ)។

ឯកឧត្តម ព្រំ សុខា ក៏បានលើកឡើងផងដែរថា ជាទិសដៅបន្ត ដើម្បីរួមចំណែកឱ្យ​បាន​កាន់​តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធាន​មនុស្ស​លើវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋ បាល​នឹងពង្រឹងកិច្ចសហការ​ល្អជា​មួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមូលផ្តុំ យកចិត្តទុក​ដាក់​បន្តបើកវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សមត្ថភាពមន្ត្រី​រាជការ​ដោយខិតខំធានាឱ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌ ផ្អែកលើគោលការណ៍គុណាធិបតេយ្យ។
សាលានឹងខិតខំកែទម្រង់ការដឹកនាំ គ្រប់គ្រង លើកកម្ពស់​គុណភាព សមត្ថភាពនៃការអប់រំសិក្សា និងការស្រាវជ្រាវបម្រើឱ្យ​ការរៀប​ចំវគ្គ​បណ្តុះបណ្តាលខ្លីៗ និងធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាល ឱ្យស្របតាម​ការវិវត្ត​រីកចម្រើននៃយុគសម័យឌីជីថល ទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ ហើយក៏ដើម្បីឆ្លើយតប និងគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥៕