(ហាណូយ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានអោយដឹងថា ធនាគារកណ្តាលរបស់ប្រទេស វៀតណាមបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងរៀបចំប្រាក់កម្ចីឡើងវិញ សម្រាប់ក្រុមហ៊ុនអាជីវកម្ម មួយចំនួនដែលប្រឈមនឹងការលំបាក រួមទាំងពន្យារពេលសងប្រាក់កម្ចីរហូតដល់ ១២ខែផងដែរ ខណៈប្រទេសនេះកំពុងព្យាយាមពង្រឹងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះឡើងវិញ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្តាលរបស់ប្រទេសវៀតណាមថា វិធានការរៀបចំកម្ចីឡើងវិញនេះនឹងត្រូវបានអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅចុងសប្តាហ៍មុនបានស្នើឱ្យធនាគារកណ្តាលវៀតណាមរៀបចំផែនការកំណត់គោលដៅក្រុមហ៊ុនបន្ថែមទៀតសម្រាប់ការរៀបចំប្រាក់កម្ចីឡើងវិញ និងបង្កើនពេលវេលាសង។
ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសវៀតណាមដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ បាននិងកំពុងតស៊ូជាមួយនឹងការធ្លាក់ចុះតម្រូវការសកល។ ការនាំចេញបានធ្លាក់ចុះ ១១.៩ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។
កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានថមថយមកនៅត្រឹម ៣,៣២ភាគរយក្នុងអំឡុងខែមករាដល់ខែមីនា
ធៀបនឹង ៥,៩២ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ហើយធនាគារកណ្តាលវៀតណាមកាលពីខែមុនបានកាត់បន្ថយអត្រាការប្រាក់គោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដដែលនេះបានឱ្យដឹងទៀតថា
លោកនាយករដ្ឋមន្ត្រី Chinh នៅក្នុងកិច្ចប្រជុំចុងសប្តាហ៍មុនជាមួយធនាគារកណ្តាលក៏បានអំពាវនាវឱ្យធនាគារពាណិជ្ជកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីជួយដល់អាជីវកម្ម
និងគ្រួសារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម៕