ការប្រយុទ្ធគ្នានៅស៊ូដង់ផ្ទុះឡើងជាថ្មី ខណៈបេសកជន UN ថាបទឈប់បាញ់អនុវត្តមិនពេញលេញ

 (ខាទុំ)៖  យោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែ មេសាឆ្នាំ២០២៣ បានអោយដឹងថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មីក្នុងប្រទេសស៊ូដង់កាលពីល្ងាច ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បើទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ ខណៈ ដែល បេសកជនអង្គការសហប្រជាជាតិនិយាយថា បទឈប់បាញ់ត្រូវបានអនុវត្តដោយផ្នែកខ្លះ ប៉ុណ្ណោះ ហើយមិនមានសញ្ញានៃការត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាគ្នានោះទេ។

កងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បានយល់ព្រមលើបទឈប់បាញ់រយៈពេល ៧២ម៉ោងកាលពីថ្ងៃអង្គារ ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ អ្នកយកព័ត៌មាន Reuters ម្នាក់និយាយថា ការបាញ់កាំភ្លើង និងការផ្ទុះនៅតែមាននៅទីក្រុង អូមឌូម៉ាន់ (Omdurman) ក្បែរទីក្រុងខាទុំ នៅលើដងទន្លេ នីល (Nile) ជាកន្លែងដែលកងទ័ពបាន ប្រើយន្តហោះដ្រូន ដើម្បីកំណត់ទីតាំងរបស់កងកម្លាំងទាហានប៉ារ៉ា។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចស៊ូដង់ លោក វ៉ុលឃឺ ភឺត (Volker Perthes) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា បទឈប់បាញ់ហាក់ដូចជាកំពុង មានតែនៅក្នុងផ្នែក ខ្លះប៉ុណ្ណោះ រហូតមកដល់ពេលនេះ។ ភាគី​ទាំង​ពីរ​ក៏នៅមិន​ទាន់បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​ ដើម្បី យ៉ាងចរចា​នោះទេ ហើយ​បន្ត​គិត​ថា​ការ​ធានា​ជ័យជម្នះផ្នែក​យោធា​លើ​ភាគី​ម្ខាង​ទៀត​ គឺ​អាច​ធ្វើ​ទៅ​បាន​៕