(វ៉ាស៉ីនតោន)៖ តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រុមមន្រ្តីអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ការវាយប្រហារ តាមផ្លូវគោកមួយដោយក្រុមតាលីបង់ បានសម្លាប់ជនសកម្មប្រយុទ្ធ ISIS ម្នាក់ដែលជា មេគំនិត និងធ្លាប់ដឹកនាំការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីខែសីហា ឆ្នាំ២០២១ នៅឯអាកាសយានដ្ឋាន កាប៊ុល បណ្តាលឲ្យទាហានអាមេរិក ១៣នាក់ និងជនជាតិអាហ្វហ្កានីស្ថាន ប្រហែល ១៧០នាក់ ស្លាប់ អំឡុងពេលមានភាពចលាចលជុំវិញការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។
ដំបូងឡើយ ទាំងអាមេរិក ឬក្រុមតាលីបង់ មិនបានដឹងថាមេក្លោងរូបនេះស្លាប់ទេ។ ក្រុមមន្រ្តីអាមេរិក បាននិយាយថា មេក្លោងរូបនេះត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការប្រយុទ្ធជា បន្តបន្ទាប់រវាងក្រុម តាលីបង់ និងសាខារបស់ក្រុមសកម្មប្រយុទ្ធ ISIS កាលពីដើមខែមេសានេះ នៅភាគខាងត្បូង ប្រទេសអាហ្វហ្កានីស្ថាន។ ទើបតែក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លង មកនេះ ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក បានបញ្ជាក់យ៉ាងច្បាស់ពីការស្លាប់មេដឹកនាំក្រុមនេះ។
កាលពីចុងសប្តាហ៍កន្លងមកនេះ យោធាអាមេរិកបានចាប់ផ្តើមជូនដំណឹងខាងលើដល់ក្រុមគ្រួសារ នៃទាហានម៉ារីន ទាហានជើងទឹក និងទាហាន ១១នាក់ ដែលត្រូវបានសម្លាប់ ក្នុងការបំផ្ទុះនៅ អាកាសយានដ្ឋានទីក្រុងកាប៊ុល។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ ISIS-K នៅអាហ្វហ្កានីស្ថាន មានសមាជិករហូតដល់ទៅ ៤,០០០ នាក់ និងជាសត្រូវដ៏ធំបំផុតមួយរបស់ក្រុមតាលីបង់។ ក្រុមនេះបានបន្តធ្វើ ការវាយប្រហារនៅក្នុង ប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពីការកាន់កាប់របស់ក្រុមតាលីបង់ ជាពិសេសប្រឆាំងនឹងក្រុម ជនជាតិភាគតិច៕