សិង្ហបុរី ប្រហារជីវិតអ្នកទោសម្នាក់ដោយព្យួរក ពីបទជួញដូរកញ្ឆា ១គីឡូក្រាម

 (សិង្ហបុរី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា អាជ្ញាធរនៅក្នុងប្រទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃពុធនេះថាអ្នកទោសម្នាក់ ដែលត្រូវបាន ផ្ដន្ទាទោសពីបទសមគំនិតជួញដូរកញ្ឆាទម្ងន់១គីឡូក្រាម ត្រូវបានប្រហារជីវិត ដោយ ព្យួរកហើយបើទោះជាមានការអំពាវនាវពីអន្តរជាតិឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះឱ្យលុបចោលការកាត់ប្រហារជីវិតក៏ដោយ។

អ្នកនាំពាក្យម្នាក់នៃពន្ធនាគារសិង្ហបុរី បានប្រាប់ AFP យ៉ាងខ្លីដូច្នេះថា «ជនជាតិសិង្ហបុរីឈ្មោះ តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ (Tangaraju Suppiah) មានអាយុ៤៦ឆ្នាំ ត្រូវបានប្រហារជីវិតដោយព្យួរក នៅថ្ងៃនេះ (ថ្ងៃពុធ ទី២៦ ខែមេសា) នៅឯពន្ធនាគារ Changi»

ការកាត់ទោសប្រហារជីវិតដោយព្យួរកអ្នកទោសជាបុរសម្នាក់មានឈ្មោះ តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ (Tangaraju Suppiah) ត្រូវបានធ្វើបានធ្វើឡើងតាមកាលកំណត់ បើទោះជា ការិយាល័យសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសសិង្ហបុរី បានអំពាវនាវឱ្យមានផ្អាក និងពិចារណា ឡើងវិញជាបន្ទាន់លើការប្រហារជីវិត រួមទាំងការអំពាវនាវ របស់មហាសេដ្ឋីអង់គ្លេសម្នាក់គឺលោក Richard Branson ដែលស្នើឱ្យលុបចោលការប្រហារជីវិត ដោយសង្កត់ធ្ងន់ថាសង្ហបុរីអាចនឹង សម្លាប់បុរសស្លូតត្រង់គ្មានទោសកំហុស ម្នាក់។ ប៉ុន្តែ ខាងក្រសួងមហាផ្ទៃសិង្ហបុរី បានចាត់ទុក ថាការលើកឡើងរបស់លោក Richard Branson បានបង្ហាញការមិនគោរពដល់ចៅក្រម និងប្រ ព័ន្ធតុលាការសិង្ហបុរី។

សូមបញ្ជាក់ថា អ្នកទោសឈ្មោះ តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ (Tangaraju Suppiah) ត្រូវបានតុលា ការសិង្ហបុរីផ្តន្ទាទោសកាលពីឆ្នាំ២០១៧ ពីសមគំនិតជួញដូរកញ្ឆាមានទម្ងន់ជាង ១គីឡូក្រាម ហើយទម្ងន់នេះគ្រប់គ្រាន់សម្រាប់ការផ្តន្ទាទោសប្រហារជីវិតក្រោមច្បាប់សិង្ហបុរី។ រហូតដល់ឆ្នាំ២០១៨ ទើបបុរសម្នាក់នេះត្រូវបានផ្តន្ទាទោសប្រហារជីវិត ហើយ តុលាការឧទ្ធរណ៍ នៅតែតម្កល់ទុកសាលក្រមនេះដដែល៕