(ភ្នំពេញ)៖ ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គ្រោងនឹងរៀបចំ ឱ្យមានព្រឹត្តិការណ៍ធំៗជាច្រើន ដោយមានទាំងការសម្ដែងសិល្បៈ បង្ហាញពីវប្បធម៌របស់ប្រទេស ជប៉ុនផងដែរ។ ព្រឹត្តិការណ៍ធំៗ ដែលគ្រោងធ្វើឡើងក្នុងឱកាសគំរប់ខួប៧០ឆ្នាំ នៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុននេះ បានបង្ហាញឡើង ក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារ រវាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ៊ូមីអាគិ តាកាហាស្ស៉ី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជ ទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលារាជ ធានីភ្នំពេញ។ ក្នុងឱកាសនោះ លោក ហ៊ូមីអាគិ តាកាហាស្សី បានសុំការសហការជាមួយនឹងអាជ្ញា ធររាជធានីភ្នំពេញ ក្នុងការរៀបចំខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយសម្រាប់ខួប ៧០នេះ សមាគមន៍ជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុនគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយ ដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេស ជប៉ុន និងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
ចំពោះការស្នើសុំ សហការជុំវិញការបាញ់កាំជ្រួច ក្នុងព្រឹត្តិការណ៍ខួបទំនាក់ទំនងការទូតរយៈពេល ៧០ឆ្នាំនេះ លោក ឃួង ស្រេង សូមឱ្យប្រធានសមាគម ធ្វើទំនាក់ទំនងទៅក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីសូមការអនុញ្ញាតសិន។ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញនឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំនេះ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរ និងប្រជាពល រដ្ឋជប៉ុន ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យគាត់មានភាពកក់ក្តៅក្នុងចិត្ត។
នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើសុំឱ្យប្រទេសជប៉ុន ពិនិត្យ លទ្ធភាព ក្នុងការជួយផ្ដល់ជារថយន្តពន្លត់អគ្គីភ័យបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ពិសេសរថយន្តពន្លត់អគ្គីភ័យ សម្រាប់ពន្លត់អគ្គីភ័យ នៅអគារខ្ពស់ ដោយសារថា រាជធានីភ្នំពេញ សព្វថ្ងៃនេះ មានអគារខ្ពស់ខ្ពស់កាន់តែច្រើន ដែលទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញ ខិតខំបង្កា ទប់ស្កាត់គ្រោះអគ្គីភ័យអោយបានល្អបន្ថែមទៀត ស្របទៅតាមការរីកចម្រើនឥតឈប់ឈរ របស់រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោក ហ៊ូមីអាគិ តាកាហាស្ស៉ី ធ្លាប់ជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០៣ ដល់២០០៧។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រធានសមាគមកម្ពុជា-ជប៉ុនរូបនេះ ធ្លាប់បានចូលជួបសម្តែងការគួរសមជាមួយ លោកអភិបាល រាជធានីភ្នំពេញ ដែលក្នុងនោះ លោក កូជី កាន់សាគិ ដែលបានចូលជួបជាមួយលោកអភិបាល រាជធានី ក៏បានប្រគល់ដីមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្ថាបនា ជាសួនមិត្តភាពកម្ពុជា-ជប៉ុន៕