(វ៉ាស៊ីនតោន)៖ តាមការបញ្ជាក់ពីសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទៅចូលរួមកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឯទីក្រុងហ៉ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន ចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភាក្រោយនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យ សេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានឱ្យដឹង ទៀតថាមេដឹកនាំនៃ ក្រុមប្រទេស G7 នឹងបើកកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗ ក្នុងនោះរួមមានការគាំទ្រអ៊ុយក្រែន ការ ដោះស្រាយវិបត្តិស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ បរិយាបន្នសន្តិសុខ និងភាពធន់នៃ កំណើនសេដ្ឋកិច្ច ព្រមទាំងថាមពលស្អាត។
សូមបញ្ជាក់ថា លោក ចូ បៃដិន ក៏នឹងត្រូវចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសក្វាដ នៅក្នុងទីក្រុងស៉ីដនី ប្រទេសអូស្រ្តាលី នៅថ្ងៃទី២៤ ខែឧសភា ក្រោយនេះ។ ក្វាដ មានសមាជិកដូច ជាអូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌា៕