(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវប្រជាពលរដ្ឋ ដែលចូលរួម ទស្សនាការប្រកួតនានាក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ត្រូវរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីបញ្ចៀសហានិភ័យនានា។
សម្តេចតេជោ បានអំពាវនាវបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយគណៈចលនាសាសនិក ឥស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាសរុប ៣,៥៤០នាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នៅវិមាន៧មករា។
ក្រៅតែពីការអំពាវនាវបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់អភិបាលរាជ ធានី-ខេត្ត រៀបចំដាក់ផ្ទាំងស្លាយឱ្យប្រជាពលរដ្ឋបានទស្សនាការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នៃការ ប្រកួតនានា។
សូមបញ្ជាក់ថា នៅសល់រយៈពេលតែ៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងឈានមកដល់ហើយ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ កម្ពុជា។ កម្ពុជា បានខកខាន និងរង់ចាំធ្វើ ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍មួយនេះ អស់រយៈពេល ៦៤ឆ្នាំមកហើយ។
បើទោះបីកម្ពុជាទើបធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលើកដំបូង តែកម្ពុជាបានបង្កើតឱ្យមានការចាប់ អារម្មណ៍ជាប្រវត្តិសាស្ត្រនៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។ រឿងជាប្រវត្តិសាស្ត្រនោះ គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ការទស្សនា ការផ្សាយផ្ទាល់ និងការចូលរួមប្រកួតរបស់គណៈប្រតិភូកីឡានៃប្រទេសជាសមាជិក កីឡានេះ មិនបង់លុយនោះឡើយ៕