ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២ ខែឧសភា អាចមាន ភ្លៀងពីខ្សោយទៅមធ្យម លាយឡំផ្ទររន្ទះ និងខ្យល់កន្ត្រាក់, សីតុណ្ហភាពអតិបរមា ៣៨°C

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុ អាកាស ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ទៅមធ្យម និងខ្យល់ប្រែប្រួល។ ដោយឡែកនៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ (Thermal Low) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C
* ផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាច បង្ហូរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ។

២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមាន ឡើងជាយថាហេតុ ៕