(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីនេះ មានចំនួនសរុប ២,៣៨៤នាក់ នារី ១,០៦៧នាក់ បានបញ្ចប់ការសិក្សាកាលពីឆ្នាំសិក្សា២០២០, ២០២១ និង២០២២កន្លងទៅនេះ។
ជ័យលាភីនេះរួមមាន៖ អធិការអប់រំ ៦៦នាក់ នារី ១២នាក់, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់, គ្រូបង្រៀនកម្រិតឧត្តម បណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២,០០៥នាក់ នារី ៩៣៧នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ចាប់ពីក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំ បានពង្រីកវិសាលភាព នៃកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់មានជាអាទិ៖ វគ្គបណ្តុះបណ្តាល ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ, វគ្គបណ្ដុះបណ្ដាលអធិការអប់រំ, វគ្គឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ, វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ផ្នែកប្រឹក្សាគរុកោសល្យ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង, វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) និង (បរិញ្ញាបត្រ+២), វគ្គវិក្រឹតការគ្រូបង្រៀនកម្រិតមូលដ្ឋាន តាមប្រព័ន្ធពន្លឿន ឆ្ពោះទៅកម្រិតបរិញ្ញាបត្រ, វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯក ទេសភាសាបារាំង-ខ្មែរ ភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ភាសាអង់គ្លេស-ខ្មែរ, វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសបឋម សិក្សា គ្រូឧទ្ទេសភាសាបារាំង-ខ្មែរ, និងគ្រូឧទ្ទេសអធិការអប់រំ។
បើតាមលោករដ្ឋមន្ត្រី វិទ្យាស្ថានជាតិអប់រំ បានផលិតធនធានមនុស្សសរុប ២៤,៧៤៦នាក់ នារី ៧,៩៤០នាក់ (ស្មើនឹង ៣២.០៩ភាគរយ)។
បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំបានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដោយបង្កើតឱ្យមានសាលាក្រោយបរិញ្ញាបត្រ, មហាវិទ្យាល័យគរុកោសល្យ, មជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ និងអង្គភាពគ្រប់គ្រងទូទៅ។
វិទ្យាស្ថានជាតិអប់រំមានដេប៉ាតឺម៉ង់ចំនួន៧, ការិយាល័យចំនួន៦, បណ្ណាល័យចំនួន១, សាលាអនុវត្តចំនួន២ និងមានគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និងលោកគ្រូ អ្នកគ្រូ សរុប ២៥៤ នាក់ នារី ១០២នាក់ ស្មើ ៤០,១៥ភាគរយ។
វិទ្យាស្ថានជាតិអប់រំបានជួសជុលអគារសិក្សាចំនួន៥ខ្នង ដោយប្រើប្រាស់ថវិការដ្ឋ និងគ្រោង ជួសជុលអគារចំនួន ៩ខ្នង និងសាងសង់អគារបណ្ណាល័យ ១ខ្នងកម្ពស់៦ជាន់ ដោយប្រើប្រាស់មូលនិធិកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី។
ជាមួយគ្នានេះ អគារសិក្សាថ្មី១ខ្នង កម្ពស់៦ជាន់ ស្មើ៥៤បន្ទប់, របងព័ទ្ធជុំវិញ, និងហេដ្ឋារចនាសម្ព័ន្ធខាងក្នុង កំពុងតែសាងសង់ និងសម្រេចបានប្រមាណ៤០ភាគរយ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
វិទ្យាស្ថានជាតិអប់រំបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ មួយចំនួនដូចជា៖ (១) មូលនិធិអន្តរជាតិគាំទ្រវិស័យអប់រំនៅកម្ពុជារបស់ប្រទេសជប៉ុន ក្នុងការ បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ, (២) វិទ្យាស្ថានអន្តរជាតិផែនការអប់រំ នៅប្រទេសបារាំង និងអង្គការយូនីសេហ្វ ក្នុងការធ្វើវិក្រឹតការជំនាញគ្រប់គ្រង និងផែនការអប់រំ, (៣) អធិការអប់រំនៃប្រទេសស៊ុយអែត ក្នុងការបណ្តុះបណ្តាលជំនាញអធិការអប់រំ, (៤) អង្គការ KAPE ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រឹក្សាគរុកោសល្យ និងការអប់រំស្ទែម, (៥) ស្ថានទូតបារាំង និងអង្គការ AUF ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធី សាស្ត្របង្រៀនភាសាបារាំង, (៦) សាកលវិទ្យាល័យអប់រំអាយជិ សាកលវិទ្យាល័យអូហ្គាយ៉ាម៉ា និងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន ក្នុងការបញ្ជូនគ្រូឧទ្ទេសទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងការផ្លាស់ប្តូរនិស្សិត-គរុនិស្សិត គរុសិស្ស និងគ្រូឧទ្ទេស, (៧) វិទ្យាស្ថានជាតិអប់រំប្រទេសសឹង្ហបុរី និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសវិទ្យាសាស្រ្ត គណិតវិទ្យា និងបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគន៍ និងការកែលម្អកម្មវិធី បណ្តុះបណ្តាល, (៨) សាកលវិទ្យាល័យជូឡាឡុងកន សាកលវិទ្យាល័យកាសិតសាធ និងសាកលវិទ្យាល័យខនហ្គែន នៃប្រទេសថៃ ក្នុងការបណ្តុះបណ្តាលថ្នាក់បណ្ឌិតអប់រំ, និង (៩) អង្គការ SEAMEO INNOTECH ក្នុងការបណ្តុះបណ្តាលនាយកសាលារៀន៕